ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ឲ្យពង្រឹងគុណភាពអាជីវកម្ម សេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ និងដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃ១៣-១៦ ខែមេសា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១ មេសា បានឲ្យដឹងថា មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដូចជា៖ ផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ភាពស្អាត ពិសេសចំពោះសេវាកម្មមួយចំនួនដែលតម្រូវ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពដូចជា៖ ការដឹកជញ្ជូនទេសចរ កីឡាទេសចរណ៍ និងសកម្មភាពទេសចរណ៍មានលក្ខណៈផ្សងព្រេងជាដើម។

ក្រសួងបន្ដថា ត្រូវរៀបចំចំណតឲ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរ ដែលមកទទួលយកសេវាកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវអំពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមាន បំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយឲ្យមានការចតយានយន្តដោយគ្មាន សណ្តាប់ធ្នាប់ និងបង្កប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។

ក្រសួងបន្ថែមថា ផ្នែកខាង ក្រៅអាជីវកម្ម ត្រូវមានរៀបចំដាក់តុបតែងភ្លើងលម្អ និងដាក់បង្ហាញទង់ជាតិកម្ពុជា។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» និងព្រះបរម ឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។ ក្នុងនោះត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្តដោយមិនប្រាសចាកពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ដែលរួមមាន តុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោក និងដុតគោម បំភ្លឺភ្លើងពណ៌ ជាអាទិ៍៕

To Top