ភ្នំពេញ៖ លោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការ នៃស្ថានទូត និងវិស័យឯកជនថៃ នៅកម្ពុជា ជាង ២០ក្រុមហ៊ុន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានធ្វើដំណើរទស្សនកិច្ចខេត្តក្រចេះជាផ្លូវការ ដើម្បីធ្វើការសិក្សាស្វែងយល់ ពីឱកាសធ្វើធុរកិច្ច វិនិយោគ និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មីរវាងថៃ-កម្ពុជា ដោយប្តេជ្ញាចិត្ត នៅក្នុងការបង្កើនផលប្រយោជន៍សេដ្ឋកិច្ច រវាងគ្នានឹងគ្នាអោយកាន់តែច្រើនឡើងថែមទៀត ជាពិសេសការបង្កើននូវទំហំ ការធ្វើពាណិជ្ជកម្មនិងវិនិយោគ និងការជំរុញគាំទ្រ វិស័យឧស្សាហកម្ម របស់ប្រទេសទាំងពីរ អាចតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់បញ្ជូលគ្នា និងពង្រីកនូវឱកាសនៃតំណរភ្ជាប់ ទៅកាន់ប្រទេសនៅក្នុងតំបន់។
គណៈប្រតិភូដែលជាតំណាង របស់រដ្ឋនិងឯកជនរបស់ថៃ បានធ្វើដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ (UBE Snoul Special Economic Zone) និងបានស្តាប់អំពីការធ្វើបទបង្ហាញ ដោយលោក Hean Sopauline, Director of SEZ Operation And Management Department of CDC ដែលបានធ្វើការអត្ថាអធិប្បាយ អំពីសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសថ្មី នៅក្នុងខេត្តក្រចេះ និងឱកាសនៅក្នុងការវិនិយោគនៅក្នុងខេត្ត ដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយបច្ចុប្បន្ននេះ មានរោងចក្រកែច្នៃកៅស៊ូ និងរោងចក្រឧស្សាហកម្ម បានបង្កើតជាបន្តបន្ទាប់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។
ក្រៅពីនេះ លោក ហេង សុថា អភិបាលរងខេត្តក្រចេះ ក៏បានទទួលស្វាគមន៍ នឹងអមដំណើរប្រតិភូទស្សនកិច្ច ច្រកទ្វារអន្តរជាតិត្រពាំងស្រែ (កម្ពុជា – វៀតណាម) (Tropeang Srea International Border Check Point) ដែលបានបង្ហាញអោយឃើញ អំពីការតភ្ជាប់គ្នារវាងកម្ពុជា និងវៀតណាម រួមទាំងឱកាសរបស់ថៃ នៅក្នុងការដឹកជញ្ជូនទំនិញ ទៅកាន់កំពង់ផែទឹកជ្រៅ ទីក្រុងហូជិមិញ បានយ៉ាងស្រួលទៀតផង។
សកម្មភាពទាំងអស់ខាងលើ ជាចំណែកមួយនៃភារកិច្ចការទូតសេដ្ឋកិច្ច ស្ទុះទៅមុខរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា ដែលការរៀបចំសកម្មភាពនៅក្នុងការស្វែងយល់ ឱកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងថៃ និងកម្ពុជានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយដើរទន្ទឹមគ្នាជាមួយ នឹងការរៀបចំកម្មវិធីសប្បុរសធម៌ ដើម្បីជាចំណែកនៅក្នុងការអភិវឌ្ឍសង្គម និងសហគមន៍ (Corporate Social Responsibility: CSR) ដោយមានការសហការពីក្រុមហ៊ុនឯកជនថៃ នៅកម្ពុជា ដោយនៅក្នុងឆ្នាំនេះធ្វើឡើង នៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ចន្លោះថ្ងៃទី ១ – ៣ មេសា ២០២៤ ដោយមានគោលដៅ ធ្វើអោយប្រជាជននៃប្រទេសទាំងពីរ រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមព្រមៗគ្នា៕