ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហេង សួរ ៖ ការសម្ពោធ ការិយាល័យ សមាគមជប៉ុន-កម្ពុជា នៅភ្នំពេញ ជាសារនយោបាយ ដ៏មានទម្ងន់

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ការសម្ពោធការិយាល័យ សមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ ដែលជាស្ថានតំណាងជំនួញ គឺជាសារនយោបាយ ដ៏មានទម្ងន់ សម្រាប់អ្នកវិនិយោគជប៉ុន ចំពោះទំនុកចិត្ត មកកាន់ប្រទេសកម្ពុជា ។
ប្រសាសន៍ របស់លោករដ្ឋមន្ត្រីបែបនេះ គឺក្នុងពេលដែលលោក បានចូលរួមជាអធិបតី ក្នុងពិធីសម្ពោធការិយាល័យសមាគម ជប៉ុន-កម្ពុជាប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្កើតការិយាល័យនេះ គឺសក្ខីភាពបញ្ជាក់ទៅកាន់ប្រជាជនជប៉ុន ក៏ដូចជាអ្នកវិនិយោគថា កម្ពុជាជាកន្លែងសុវត្ថិភាព និងជាកន្លែង ប្រកបដោយសក្តានុពល ក្នុងការវិនិយោគ និងទំនុកចិត្ត ។ ទន្ទឹមនឹងនេះការរិយាល័យ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មាន ទៅកាន់វិនិយោគជប៉ុន កាន់តែច្រើនអំពីឱកាស និងសក្តានុពល របស់កម្ពុជា ហើយស្ថានតំណាងជំនួញ របស់ជប៉ុនមួយនេះ ក៏នឹងក្លាយជាឈ្នាន់ ក្នុងការទំនាក់ទំនង ជាមួយនឹងក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសុទ្ធសឹង តែជាចំណុចគន្លឹះ ដែលបម្រើដល់ការវិនិយោគ ។ នេះបើតាមលោករដ្ឋមន្ត្រីដដែល ។

លោក ហេង សួរ បានសង្កត់ធ្ងន់ថា ការបង្កើតការិយាល័យ សមាគមជប៉ុន នៅកម្ពុជានាពេលនេះ នឹងក្លាយជាទម្ងន់នយោបាយ ដែលបង្ហាញពីផ្លែផ្កា ទំនាក់ទំនងកម្ពុជា និងជប៉ុន ខណៈដែលប្រទេសទាំងពីរ ទើបដំឡើងកម្រិតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក្នុងខួប៧០ឆ្នាំ នៃទំនាក់ទំនងកាលពីឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្រ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅកាន់សមាគមជប៉ុន នៅកម្ពុជាដើម្បីឱ្យដំណើរ ការដោយរលូន ដើម្បីឱ្យការវិនិយោគរបស់ជប៉ុន កាន់តែកើនឡើងជាលំដាប់ ដែលនឹងបង្កើតឱកាសការងារដ៏ច្រើន សន្ធឹកសន្ធាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងស្រុកបន្ថែមទៀត ។

ក្នុងនាមជាសមាជិករាជរដ្ឋាភិបាល លោករដ្ឋមន្ត្រី បង្ហាញពីជំហរគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះវិនិយោគិនជប៉ុន ក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា តាមរយៈការ យោគយល់ និងអនុគ្រោះជាច្រើន ដើម្បីធ្វើយ៉ាងណាជំរុញការបោះទុន វិនិយោគនៅកម្ពុជា ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមរវាងប្រទេសទាំងពីរ៕

To Top