ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា នៅពេលសម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចនឹងបន្តពង្រឹង ពង្រីកទំនាក់ទំនងជាមួយជប៉ុន ឲ្យកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នរដ្ឋសភា ដើម្បីជាប្រយោជន៍ ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ ខណៈនៅថ្ងៃទី៣ មេសាស្អែកនេះ ព្រឹទ្ធសភា នឹងបើកសម័យប្រជុំដំបូង ក្រោមព្រះរាជវត្តមាន ព្រះមហាក្សត្រ ដើម្បីបោះឆ្នោតឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា និងលោក ប្រាក់ សុខុន ជាអនុប្រធានព្រឹទ្ធសភា ។
ការបញ្ជាក់របស់សម្ដេចតេជោ បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក អឺអិណុ អាហ្សឺហ្ស៉ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលសម្តែងការគួរសម នៅវិមាន៧មករា នាថ្ងៃទី២ មេសា ។
ក្នុងឱកាសនោះ លោកទូតជប៉ុន បានអបអរសាទរចំពោះ សម្តេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃស្អែកនេះ ហើយសង្ឃឹម ថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អ ជូនចំពោះសម្តេច នៅពេលដែល សម្តេច បានអញ្ជើញទៅពិនិត្យ កែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤ កន្លងទៅ ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជប៉ុន ដែលបានរៀបចំឲ្យសម្តេច ជួបមិត្តភក្តិទាំងឡាយ ជាពិសេសអរគុណចំពោះ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួបសម្តេច ទោះបីជាសម្តេច មិនមានតួនាទីជា នាយករដ្ឋមន្ត្រីក៏ដោយ ៕