ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ របស់សមាគមអតីតនិស្សិតខ្មែរ ពីប្រទេសជប៉ុនដែលប្រារព្ឋធ្វើឡើង នៅសណ្ឋាគារ អ៊កវ៉ូត (Oakwood) ក្នុងរាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការចូលរួមជាអធិបតីពីលោកអ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi)ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរមកពី ប្រទេសជប៉ុនប្រមាណ ១៥០រូប។
ក្នុងនាមជាអតីតនិស្សិតជប៉ុន លោករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយចំពោះកម្មវិធីដ៏មានអត្ថន័យ និងមានភាពរីរីករាយនៅពេលនេះ ដែលអតីតនិស្សិតខ្មែរដែលធ្លាប់បាន សិក្សានៅប្រទេសជប៉ុន មានឱកាសជួបគ្នាដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបានជូនពរដល់អតីតនិស្សិតខ្មែរ មកពីប្រទេសជប៉ុនក្នុងឱកាសឆ្នាំថ្មីផងដែរ។

ក្នុងកម្មវិធីជួបជុំដែលធ្វើឡើង មួយឆ្នាំម្តងនាពេលនេះ ក៏មានការលេងល្បែងប្រជាប្រិយ ការច្រៀងរាំកម្សាន្តពីគណអធិបតី និងភ្ញៀវចូលរួមយ៉ាងសប្បាយរីករាយផងដែរ ៕






