ភ្នំពេញ ៖ ព្រឹកថ្ងៃទី២ មេសា ឆ្នាំ២០២៤ មីជាតិ បានរៀបចំកម្មវិធី “ចែករំលែកក្ដីស្រឡាញ់ ជាមួយកុមារ អូទីស្សឹម និងដោនស៊ីនដ្រូន” នៅវិទ្យាល័យ អប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្របជាមួយឱកាស នៃការប្រារព្ធទិវាយល់ដឹង ពីអូទីស្សឹមពិភពលោក ២មេសា ក្រោមការឧបត្ថម្ភគាំទ្រ ទាំងស្រុង ដោយ គម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ដែលបានរៀបចំយ៉ាងអធិកអធម និងមានចូលរួមពីដៃគូអាជីវកម្ម លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ប្រមាណ ៣៥០នាក់ ។
ថ្ងៃទី ២មេសា ត្រូវបានអង្គការសហប្រជាជាតិ កំណត់យកជាទិវាយល់ដឹង ពីអូទីស្សឹមពិភពលោក ។ ទិវានេះ ត្រូវបានរៀបចំធ្វើឡើង ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០៨មក សម្រាប់កំរិតពិភពលោក និងចាប់ពីឆ្នាំ២០១៤មក សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ អូទីស្សឹម គឺជាជំងឺ ដែលមានកើតឡើង យ៉ាងជាក់ស្តែង និងផ្តល់ផលវិបាកធ្ងន់ធ្ងរខ្លាំង សម្រាប់លោកអ្នកជាឪពុកម្តាយផង និងបុគ្គលអ្នកជំងឺផ្ទាល់ផង ព្រោះវាជាទម្រង់មួយនៃពិការភាព។ ជាមធ្យម មានមនុស្សម្នាក់ ក្នុងចំណោមមនុស្ស១៥០ កើតជំងឺនេះ នៅលើភពផែនដី។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានអង្គការHHC បានអោយដឹងថា សាលាកុមារអូទីស្សឹម នៃអង្គការHHC បានបង្កើតឡើងក្នុងរយៈពេល៩ឆ្នាំ ហើយបានប្រមូលកុមារពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹម ឱ្យបានចូលរៀន ស្របតាមកម្មវិធីអប់រំពិសេស ដោយសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសង្គមកិច្ច ក្នុងការរៀបចំសាលាកុមារ អូទីស្សឹម បានចំនួន៥ទីតាំង ដោយប្រើប្រាស់ ថវិកាឧបត្ថម្ភ កាកបាទក្រហមកម្ពុជា ព្រមសប្បុរសជនជាតិ និងអន្តរជាតិ ។ ហើយសព្វថ្ងៃនេះបានកែរសម្រួល មកជាវិទ្យាល័យអប់រំពិសេស ដែលមានកុមារពិការ ខ្សោយសតិបញ្ញា និងអូទីស្សឹម បានចុះឈ្មោះចូលរៀនបានចំនួន២០៥នាក់ ស្រី៦៨ ។ បន្ថែមពីនេះ លោកនាយកក៏បានសម្តែង នូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន មីជាតិ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធី ជួបជុំចែករំលែកក្តីស្រឡាញ់ ជាមួយកូនៗ កុមារអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ក្នុងទិវាយល់ដឹងពីអូទីស្សឹមពិភពលោក ព្រមជាមួយការពាំនាំនូវគ្រឿងឧបភោគបរិភោគថវិកា និងបង្កើតបរិយាកាសសប្បាយរីករាយទៅដល់កូនៗផងដែល ។
លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថាដោយមើលឃើញ ពីតម្រូវការចាំបាច់នៃវិទ្យាល័យ គួបផ្សំជាមួយឱកាសនៃការប្រារព្ធ ទិវាយល់ដឹងពីកុមារអូទីស្សឹមពិភពលោក ក្រុមការងារ មីជាតិ បានឯកភាពគ្នាក្នុងការរៀបចំនៅជួបជុំមួយនេះឡើង ដើម្បីបានមកជម្រាប សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងពាំនាំនូវសម្ភារៈចំបាច់ រួមមានគ្រឿង ឧបភោគបរិភោគ អមដោយសកម្មភាព កម្សាន្ត ដើម្បីចូលរួមចែករំលែកភាព សប្បាយរីករាយដល់កូនៗទាំងអស់ រួមទាំងជួយសម្រួល ដល់តម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃ របស់វិទ្យាល័យ និយាយជារួម និងនិយាយដោយឡែកគឺផ្តល់នូវការស្រលាញ់រាប់អាន និងភាពកក់ក្តៅចំពោះកូនៗ កុមារអូទីស្សឹម ។
បន្ថែមពីនេះ លោកស្រី ក៏បានខ្ញុំអំពាវនាវដល់ ឪពុកម្តាយ សូមយកចិត្តទុកដាក់ និងតាមដានពីសុខភាព កូនៗ ចាប់តាំងពីពេលសម្រាល ប្រសិនបើមានសញ្ញាមិនប្រក្រតីណា មួយសូមរួសរាន់ស្វែង រកសេវាប្រឹក្សាយោបល់ និងវេជ្ជសាស្ត្រអោយបានលឿន ដើម្បីធានាដល់ការព្យាបាលកុមារ និងកូនៗ របស់លោកអ្នកបានទាន់ពេលវេលា ។ ការជួយកុមារ បានទាន់ពេល អាចជួយកុមារ អោយមានការរីកចម្រើនសុខមាលភាពល្អប្រសើរ ទាំងសមត្ថភាពរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ ។
គួរបញ្ចាក់ផងដែរថា កម្មវិធីសួរសុខទុក្ខផ្តល់ អំណោយមនុស្សធម៌ ក្នុងឱកាសទិវាយល់ដឹង ពីកុមារអូទីស្សឹមពិភពលោក ដែលរៀបចំឡើង ដោយក្រុមហ៊ុនមីជាតិនេះ កើតឡើងបាន ក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេ នៅកម្ពុជា និងមានរសជាតិឆ្ងាញ់ពិសា រសជាតិបែបខ្មែរ បង្កើតឡើង ដោយជនជាតិខ្មែរ សម្រាប់ប្រជាជនកម្ពុជា។ មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែក ក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ ៕