ព័ត៌មានជាតិ

សម្តេចធិបតី បដិសេធ ការស្នើសុំប្រេីឈ្មោះសម្តេច លើប្រព័ន្ធសិក្សាគំរូថ្មី

ភ្នំពេញ៖ បន្ទាប់ពីដាក់ដំណើរការប្រព័ន្ធអប់រំថ្មី និងទទួលបានលទ្ធផលល្អប្រសេីរឡេីងបន្តិចម្តងៗនោះ ក្រសួងអប់រំ បានខិតខំបន្តយន្តការរបស់ខ្លួន ក្នុងការពង្រីក វិសាលភាព នៃការអប់រំជំនាន់ថ្មីបន្ថែមទៀត ជាមួយនឹងការពង្រីកបន្ថែម លើយន្តការរបស់ខ្លួននោះរដ្ឋមន្ត្រីក្រសួងអប់រំ ធ្លាប់បានលើក ជាយោបល់ ដាក់ឈ្មោះសម្តេចធិបតី លើប្រព័ន្ធសិក្សាអប់រំគំរូថ្មី ជំនាន់ទី៣ តែត្រូវបានសម្តេចបដិសេធ ។

ការបដិសេធរបស់សម្តេចធិបតីនេះ ក៏ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា មិនចង់ឲ្យមានឈ្មោះច្រើន ពាក់ព័ន្ធនឹងការអប់រំ ព្រោះសម្តេចថា នឹងផ្ទេរមកជាស្តង់ដារតែមួយនៅថ្ងៃខាងមុខ ។

ក្នុងឱកាសអញ្ជើញបិទសន្និបាត​ បូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ” ក្រោមប្រធានបទ “ ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា ” នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា “គោលដៅរបស់យើង ការអនុវត្ត​នេះ ជាគម្រោងគំរូ ពេលដែលបានដើរយ៉ាងណា ឆ្នាំក្រោយយើងនឹងផ្គុំគ្នា ចែកគ្នា ផ្គុំគ្នាទៅជាសាលាគំរូតែមួយរបស់អប់រំទេ ។ ចឹងខ្ញុំសូមបញ្ជាក់ ថាមានពីរគំរូហើយ ឥឡូវបង្កើតគំរូទី៣ មួយទៀត” ។

ក្នុងនោះសម្តេចធិបតី ក៏បានប​ញ្ជាក់ថា “ថ្ងៃមុន ឯកឧត្តម ហង់ ជួនណារ៉ុន សួរខ្ញុំថា គួរតែដាក់អីឥឡូវ? ដាក់សាលាគំរូ សម្តេចធិបតី? មិនបាច់ទេ” ។

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា “កុំបង្កើតឈ្មោះច្រើនពេក យើងសាលាគង់តែថ្ងៃណាមួយ ពេលដែលយើងរករូបមន្តឃើញ យើងចែករំលែក ហើយផ្ទេរទៅឲ្យក្រសួងអប់រំ ដើម្បីទទួលខុសត្រូវ ជាសាលាស្តង់ដារតែមួយនោះទេ ហើយថ្ងៃក្រោយនៅពេលដែលយើងមានលទ្ធភាព គ្រប់គ្រាន់ សាលាយើងទាំងអស់​ នឹងចង់ឲ្យក្លាយទៅជាសាលាដែលមានសមត្ថភាព ដូចសាលាជំនាន់ថ្មីទាំងអស់ ហើយនេះគឺជាអ្វីដែលយើងចង់បាន នៅពេលដែលថវិកាយើងដល់ ឲ្យពេញម៉ោង ហើយអាចបំពាក់ឧបករណ៍ច្រើន ។ បើយើងអត់ធ្វើអ្វីទាំងអស់ ១០ឆ្នាំនេះ តែ២លាននាក់នេះ គាត់អត់បានទទួលអ្វីទាំងអស់ ចឹងយើងខិតខំឆ្នៃប្រឌិត រកវិធីដើម្បីធ្វើ នេះហើយគឺជាអ្វី ដែលខ្ញុំសូមបញ្ជាក់នៅទីនេះ”៕

To Top