ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ការបង្កើតសាលាជំនាន់ថ្មី សាលាគំរូ និងសាលារៀនធម្មតា មិនមែនជាការបង្កើត ដើម្បីប្រកួតប្រជែងគ្នាឡើយ គឺបង្កើតដើម្បីពង្រឹងវិស័យអប់រំ។
នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបវាយតម្លៃ លទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៣-២០២៤ នារសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យរៀបចំសាលាគំរូ ចំនួន ៥០សាលា ដើម្បីដាក់ឱ្យដំណើរការសាកល្បងម៉ោងរៀនបន្ថែមដល់សិស្សានុសិស្ស ដើម្បីពង្រឹងគុណភាពការសិក្សា របស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ ដូចសាលារៀនជំនាន់ថ្មី ។
សម្ដេចធិបតី មានប្រសាសន៍ថា «ការបង្កើតសាលាជំនាន់ថ្មី ហើយសាលាគំរូ សាលាធម្មតា មិនមែនបានន័យទៅប្រកួតប្រជែង យកមួយទៅបំបាកមួយនោះទេ ។ វិធីសាស្ដ្រមិនរុញម្ដង ១ម៉ឺនសាលានោះទេ តែយើងរុញម្ដង ៥០ ឬ ១០០សាលា ដោយសារធនធានយើងមានកំណត់ បើសិនយើងមានថវិកាគ្រប់ យើងបង្កើនសាលាទាំងអស់ ជាសាលាជំនាន់ថ្មីហើយ»។
សម្ដេចធិបតី បន្ដថា បច្ចុប្បន្នសាលាមួយចំនួន មានបញ្ហាប្រឈមការខ្វះគ្រូ និងខ្វះអាគារសាលា ហើយការបង្រៀនវិញ មួយថ្ងៃមានតែ ៣ម៉ោងគន្លះ។ សម្ដេច ថា ប៉ុន្ដែការអប់មនុស្ស មិនអាចរងចាំការធ្វើសាលាធ្វើហើយនោះទេ ដូច្នេះត្រូវទាមទារការច្នៃប្រឌិន ក្នុងការបង្រៀនសិស្ស។
នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី បានចាត់ទុក ឪពុក-ម្ដាយ និងសិស្ស គឺជាតួអង្គដ៏សំខាន់ក្នុងការអប់រំ តាមរយៈការអប់រំនៅសាលា និងការអប់រំនៅផ្ទះ ដែលជាកត្តាសំខាន់ខ្លាំងណាស់ ដើម្បីជួយលុបបំបាត់ឥទ្ធិពលមិនល្អពីសង្គមខាងក្រៅ។ សម្ដេច ថា អប់រំមានតែ៣ប៉ុណ្ណោះ គឺអប់រំនៅផ្ទះ នៅសាលារៀន និងនៅក្នុងសង្គម ៕