ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តែផ្តាំ ក៏ដូចជារំលឹកជាថ្មី ដល់ថ្នាក់ដឹកនាំសាលាទូទាំងប្រទេស ត្រូវពិនិត្យមើលឲ្យមែនទែន ធ្វើយ៉ាងណា ជៀសឲ្យផុតសកម្មភាព ប្រមូលថវិកា ពីឪពុកម្តាយ ឬអាណាព្យាបាលសិស្ស ដែលតម្រូវជាកាតព្វកិច្ច ប៉ុន្តែករណីនេះ សម្តេចថា ចំពោះទឹកចិត្ត កើតចេញពីការពេញចិត្ត អាណិតស្រលាញ់ ផ្តល់ដោយស្ម័គ្រចិត្តអាចបាន តែកុំឲ្យមានរូបភាពជាការចាប់បង្ខំ ឬតម្រូវណាមួយ ។
ការណែនាំរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាត បូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ “ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ។
សូមរំលឹកថា កន្លងមក មានការបង្ហោះសារពីសំណាក់ ឪពុកម្តាយ ឬអាណាព្យាបាលសិស្សានុសិស្ស មួយចំនួន លើបណ្តាញសង្គមហ្វេស៊បុក ដែលបង្ហាញការមិនគាំទ្រ ឬមិនពេញចិត្ត ចំពោះការតម្រូវឲ្យពួកគាត់ បង់ជាថវិកា នូវចំនួនណាមួយ ក្នុងការជួយគាំទ្រដល់សាលា លើសកម្មភាពមួយចំនួន តួរយ៉ាងជុំវិញការប្រើប្រាស់កង្ហាល អំពូលភ្លើងជាដើម ដើម្បីបើកឲ្យសិស្សានុសិស្សត្រជាក់ ក្នុងម៉ោងសិក្សា ក្នុងរដូវប្រាំ ឬមួយអាកាសធាតុក្តៅខ្លាំងជាដើម ។
ដោយសារការបង្ហោះសារ ដោយមិនបានជួបជជែក និងស្តាប់ការពន្យល់ពីគ្នាទៅវិញទៅមក បង្កទៅជាបាតុភាពផ្សេង នាំឲ្យប៉ះពាល់ដល់ប្រព័ន្ធអប់រំតែម្តង ។
ដោយហេតុនេះ សម្តេចធិបតី បានលើកឡើងថា “ពេលដែលទៅធ្វើទាញការគាំទ្រ របស់ឪពុកម្តាយ ដាច់ខាត កុំដាក់កាតព្វកិច្ចជូនគាត់ ។ មិញខ្ញុំឃើញថា ការបង្កើតមូលនិធិកសមធម៌ លើកយោបល់ តែកុំបង្ខំឲ្យបង្កើត បង្កើតមិនស្រួលគាត់ច្រឡំថា ទាមទារកាតព្វកិច្ច ឲ្យគាត់ត្រូវបង់ចូលទៀត ដាច់ខាតគឺកុំឲ្យបង្ខំឪពុកម្តាយ ក្នុងការបង់ ធ្វើមិចឲ្យតែសាលាល្អ ឪពុកម្តាយស្រលាញ់កូន គាត់ជួយឯងហើយ បើទោះគាត់អត់ថវិកា ក៏គាត់ជួយកម្លាំងចិត្ត ជួយណែនាំកូនបានដូចគ្នា” ។
ក្នុងនោះសម្តេចក៏មិនបាន ហាមជាដាច់ខាតក្នុងការអនុវត្ត សកម្មភាពបែបនេះដែរ តែសម្តេចចង់ឲ្យកើតចេញពីទឹកចិត្ត របស់ឪពុកម្តាយ ឬអាណាព្យាបាលសិស្សានុសិស្សិ ដោយខ្លួនឯង ហើយតាមលទ្ធភាពរបស់ពួកគាត់ ដោយមិនចាំបាច់ មានការតម្រូវនោះឡើយ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ធ្វើម៉េចជៀសឲ្យផុត ពីការដាក់កាតព្វកិច្ចណាមួយ ដែលជាពិសេស កាតព្វកិច្ចហិរញ្ញវត្ថុ គឺជៀសឲ្យផុតកន្លែងហ្នឹង កុំឲ្យមាន” ។
សម្តេចបន្តថា “មូលនិធិសមធម៌ ឬមួយអី គឺខ្ញុំថា គួរយោបល់ កុំត្រូវតែបង្កើត ទុកឲ្យលោកគ្រូអ្នកគ្រូ ជាមួយអាណាព្យាបាលគេធ្វើទៅ បើគាត់ចង់បង្កើត បង្កើតទៅ គាត់ចង់ដាក់អីដាក់ទៅ គាត់ចង់ចូលជាបដិភាគ”៕