ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ការដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលណាម្នាក់ ត្រូវរៀបចំនីតិវិធីឱ្យបានច្បាស់លាស់

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ថា ការដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលណាម្នាក់ ត្រូវរៀបចំបែបបទ និងនីតិវិធីឱ្យបានច្បាស់លាស់ តាមឋានានុក្រម រួចបញ្ជូនមក អគ្គនាយកដ្ឋានធនធានមនុស្ស។

នាឱកាសអញ្ជើញផ្សព្វផ្សាយប្រកាសស្ដីពី បទវិន័យនគរបាលជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្តល់អនុសាសន៍ឱ្យអង្គភាពនីមួយៗ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសនេះ បន្តដល់មន្ត្រីក្រោមឱវាទទាំងអស់ ឱ្យបានជ្រួតជ្រាបគ្រប់ៗគ្នា នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីឱ្យមន្ត្រីបានយល់ដឹង និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយត្រូវមានក្រុមប្រឹក្សាវិន័យ ដែលមានភារកិច្ច ពិនិត្យ និងសម្រេច ដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលជាតិណាម្នាក់ ដែលប្រព្រឹត្តល្មើសវិន័យ ផ្អែកតាមខ្លឹមសារនៃប្រកាសនេះនិងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ជាមូលដ្ឋានគតិយុត្ត។

ចំពោះការដាក់ទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលណាម្នាក់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា គូសបញ្ជាក់ថា «អង្គភាពនីមួយៗ ត្រូវរៀបចំបែបបទ និងនីតិវិធីឱ្យបាន ច្បាស់ លាស់ ត្រឹមត្រូវតាមឋានានុក្រម រួចបញ្ជូនមក អគ្គនាយកដ្ឋាន ធនធានមនុស្ស ដើម្បីពិនិត្យនិងលើកយោបល់។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើមន្ត្រីនគរបាលសកម្ម និងមានស្នាដៃ គឺត្រូវមានការលើក ទឹកចិត្ត តាមរយៈការតែងតាំងមុខតំណែងការដំឡើងឋានន្តរស័ក្ដិ ការផ្ដល់គ្រឿង ឥស្សរិយយស តាមគោលការណ៍កំណត់ ក្នុងនោះដែរក៏ត្រូវយកចិត្ត ទុកដាក់ផ្ដល់ តម្លៃ និងឱកាសដល់និស្សិត  ឬសិក្ខាកាម  ដែលបានបញ្ចប់ការសិក្សាជំនាញនគរបាល ទាំងក្នុងនិងក្រៅប្រទេស»។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានស្នើបណ្ឌិត្យសភានគរបាលកម្ពុជា បញ្ចូលខ្លឹមសារនៃប្រកាសថ្មីនេះ ទៅក្នុងកម្មវិធីសិក្សា ដើម្បីបណ្ដុះបណ្ដាលនិស្សិត សិក្ខាកាមនិងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ ឱ្យបានយល់ដឹង អំពី បទវិន័យ នគរបាល ជាតិកម្ពុជា ក្នុងន័យរៀបចំឱ្យនគរបាលបន្តវេនថ្មី ប្រកាន់ខ្ជាប់នូវវិន័យ  និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ស័ក្ដិសមជានគរបាលរបស់ប្រជាជន និងត្រូវរៀបចំកិច្ចប្រជុំ តាមដាន វាយតម្លៃ ការអនុវត្តជារៀងរាល់៣ខែម្ដងឱ្យបាន ទៀងទាត់ជាមួយ អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ដោយការវាយតម្លៃ ត្រូវតែផ្អែកលើសូចនាករវាស់វែងជាក់លាក់ ដើម្បីយើងអាចដឹងបានថា តើការអនុវត្តមានប្រសិទ្ធភាពកម្រិតណា? មានបទវិន័យល្អ ប៉ុន្តែមិនមានការគោរពអនុវត្តពីមន្ត្រីគ្រប់រូបនោះគឺស្មើនឹងអត់វិន័យ៕

To Top