ព័ត៌មានជាតិ

ស្ថានទូតថៃ រួមជាមួយវិស័យឯកជនថៃនៅកម្ពុជា គាំទ្រការអភិវឌ្ឍសង្គមនិងសហគមន៍ នៅខេត្តស្ទឹងត្រែង បន្តនូវការប្តេជ្ញាចិត្ត នៅក្នុងការសាងសន្តិភាព ការអភិវឌ្ឍ និងការអភិវឌ្ឍរួមគ្នារវាងថៃ-កម្ពុជា

ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា ដឹកនាំដោយលោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយវិស័យឯកជន​ និងសហគមន៍ថៃនៅកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសប្បុរសធម៌ CSR មួយឡើងនៅ សាលាបថមសិក្សាទួលត្នោតថ្មី និងមជ្ឍមណ្ឌលសិក្សា សហគមន៍ទួលត្នោតថ្មី ក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានគោលបំណងគាំទ្រ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមថ្នាក់ក្រោមជាតិរបស់កម្ពុជា ដែលជាប្រទេសជិតខាងភូមិផង របងជាមួយរបស់ថៃ ដើម្បីអោយប្រជាជននៃប្រទេសទាំងពីរ រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមព្រមៗគ្នា ។

ស្ថានឯកអគ្គរាជទូតថៃ បានដឹកនាំក្រុមហ៊ុនឯកជនថៃ ដែលកំពុងបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាង ១៥ ក្រុមហ៊ុន ដែលមានដូចជា TTC Group, SCG Cambodia, PTT, CP ALL, CP Cambodia, Makro, Modern Plastic & Packaging, KRUNG THAI BANK, Cambodian Commercial Bank, Export-Import Bank of Thailand, Royal Phnom Penh Hospital, JWD ASIA LOGISTICS, ARIYA CE CO.,LTD., Yip In Tsoi International Cambodia, TNP Health Care, CPPC outdoorwear (Cambodia), និង Thai Airways ព្រមទាំងការិយាល័យផ្សេងៗរបស់ស្ថានទូតថៃ បានរួមគ្នាឧបត្ថម្ភគាំទ្រ ដល់សាលាបថមសិក្សាទួលត្នោតថ្មី រួមទាំងមជ្ឍមណ្ឌលសិក្សា សហគមន៍ទួលត្នោតថ្មី ដោយនេះជាកម្មវិធីដែលស្ថានទូតថៃ បានរៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំ តាមរយៈការបរិច្ចាក ជារបស់របរប្រើប្រាស់ចាំបាច់ នៅក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ នៅក្នុងខេត្តនិងថ្នាក់ក្រោមរបស់កម្ពុជា ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ប្រគល់ជូនដល់សាលាបថមសិក្សា និងមជ្ឍមណ្ឌលខាងលើ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កំលាំងចិត្ត ជូនដល់បុគ្គលិកសិក្សាខាងលើ។

លោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមអំពីការបេ្តជ្ញាចិត្ត នៅក្នុងការចាត់រៀបចំកម្មវិធីសប្បុរសធម៌ខាងលើថា “គណៈប្រតិភូថៃ សង្ឃឹមយ៉ាងមុតមាំថាកម្មវិធីសប្បុរសធម៌ នៅក្នុងថ្ងៃនេះ និងជួយបន្តនូវទំនាក់ទំនងល្អ រវាងប្រជាជននៃប្រទេសទាំងពីរ អោយកាន់តែស្អិតរមួតខ្លាំងឡើងថែមទៀត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទៅព្រមៗគ្នា និងសង្ឃឹមយ៉ាងខ្លាំងថា កម្មវិធីនៅក្នុងថ្ងៃនេះ នឹងជាចំណែកមួយ នៅក្នុងការជួយគាំទ្រដល់សកម្មភាពការសិក្សាអប់រំ របស់ខេត្តស្ទឹងត្រែង អាចអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ដែលជាអនាគតដ៏សំខាន់ របស់ខេត្តស្ទឹងត្រែងបន្តទៀត” ។

បន្ថែមលើនេះ លោកឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏បានឆ្លៀតឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពីសក្តានុភាព នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ រវាងថៃនិងកម្ពុជា អោយកាន់តែខ្លាំងឡើងថែមទៀត ដោយនៅក្នុងឱកាសនេះដែរ លោកក៏បានដឹកនាំវិស័យឯកជនថៃ រួមគ្នាស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍ នៅក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានធ្វើដំណើរទស្សនកិច្ច ទំនប់វារីអគ្គសនីសេសានក្រោម ២ (Hydro Power Lower Sesan 2) និងបានធ្វើដំណើរទេសចរណ៍ ទៅកាន់សហគមន៍អេកូទេសចរណ៍ កោះហានផងដែរ (Koh Han Community Based Ecotourism)៕

To Top