ព័ត៌មានជាតិ

បទវិភាគ ៖ ការងើបឡើងវិញ ក្នុងពេលដំណាលគ្នា នៃសន្ទស្សន៍សេដ្ឋកិច្ចធំ ចំនួន៣របស់ប្រទេសចិន បានផ្ដល់កម្លាំងចិត្ត ដល់អ្នកផងទាំងពួង

“នេះគឺជាសញ្ញាវិជ្ជមានមួយ” ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ ព័ត៌មានដែលថា សន្ទស្សន៍សេដ្ឋកិច្ចធំ ចំនួន៣របស់ប្រទេសចិន បានងើបឡើងវិញ ក្នុងពេលដំណាលគ្នា ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីមតិអន្តរជាតិ។ យោង តាមប្រព័ន្ធផ្សព្វផ្សាយ បរទេសដូចជាទីភ្នាក់ងារ សារព័ត៌មាន បារាំងជាដើមឱ្យដឹងថា ទិន្នន័យដែលហួសពីការ រំពឹងទុកទាំងនេះគឺជាតម្រុយថ្មីបំផុត នៃការពន្លឿនល្បឿន ងើបឡើងវិញ នៃសេដ្ឋកិច្ច របស់ប្រទេសចិន ។ វាមិនត្រឹមតែ “ធ្វើឱ្យអ្នកផង ទាំងពួងទទួលបាន ការលើកទឹកចិត្ត យ៉ាងខ្លាំង”ប៉ុណ្ណោះទេ ថែមទាំងក៏បានបំពេញ បន្ថែមកម្លាំង ចលករថ្មី ដល់សេដ្ឋកិច្ច ពិភពលោកផងដែរ ។

អ្វីដែលហៅថាសន្ទស្សន៍ធំចំនួនបី គឺសំដៅលើសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម(PMI) សន្ទស្សន៍សកម្មភាពធុរកិច្ច មិនមែនមុខរបរផលិតកម្មនិង PMIចម្រុះ ។ ក្នុងចំណោមនោះ PMIចម្រុះគឺឆ្លុះបញ្ចាំង ជាសំខាន់អំពីស្ថានភាព សេដ្ឋកិច្ចទូទៅ ។PMIគឺឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងនិន្នាការប្រែប្រួល នៃមុខរបរផលិតកម្ម ។ សន្ទស្សន៍សកម្មភាពធុរកិច្ច មិនមែនមុខរបរផលិតកម្មគឺឆ្លុះបញ្ចាំង ជាសំខាន់អំពីស្ថានភាពអភិវឌ្ឍ នៃឧស្សហកម្មសេវាកម្ម។ PMI ត្រូវបានគេចាត់ទុកថា ជាឧបករណ៍ វាស់ស្ទង់បម្រែបម្រួល ម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសមួយ ដែលបានដើរតួនាទីយ៉ាង សំខាន់ ក្នុងការតាមដានត្រួតពិនិត្យ ការព្យាករណ៍និង ការប្រកាសអាសន្ន ចំពោះសកម្មភាពសេដ្ឋកិច្ច ។

តាមទិន្នន័យផ្លូវការថ្មីបំផុត របស់រដ្ឋាភិបាលចិនបង្ហាញឱ្យឃើញថា PMI សន្ទស្សន៍សកម្មភាពធុរកិច្ច មិនមែនមុខរបរ ផលិតកម្ម និង សន្ទស្សន៍PMIចម្រុះនៅខែមីនា ឆ្នាំនេះគឺ៥០.៨ភាគរយ ៥៣ភាគរយនិង៥២.៧ភាគរយ បានកើនឡើង ១.៧ភាគរយ១.៦ ភាគរយនិង១.៨ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងខែមុន ដែលសុទ្ធតែស្ថិតនៅ ចន្លោះកើនឡើង លើសពី៥០ភាគរយ ។ ក្នុងចំណោមនោះ សកម្មភាពផលិតកម្មនៅខែមីនា បានកើនឡើង ជាលើកដំបូង ក្នុងរយៈពេលកន្លះឆ្នាំ កន្លងមក ហើយបានបំបែកកំណត់ត្រាថ្មី ក្នុងមួយឆ្នាំកន្លងទៅ ។

ហេតុអ្វីបានជា សេដ្ឋកិច្ចចិន ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់បែបនេះ? អ្នកវិភាគបានលើកឡើងថា ក្រៅពីការស្ទុះងើប ឡើងវិញ នៃតម្រូវការក្នុងស្រុក និងការជំរុញ នៃតម្រូវការខាងក្រៅ វាក៏ទទួលបានផលប្រយោជន៍ ពីការបន្តដើរតួនាទីនៃគោលនយោបាយលំនឹងសេដ្ឋកិច្ច ពង្រីកតម្រូវការក្នុងស្រុក និងលំនឹងពាណិជ្ជកម្មចំពោះបរទេស របស់រដ្ឋាភិបាលចិនផងដែរ ។ ស្របពេលដែលស្ថានភាព សេដ្ឋកិច្ចមានភាពប្រសើរឡើងជាទូទៅ ជាពិសេសក្រុមហ៊ុន នានាចាប់ផ្តើមដំណើរការឡើងវិញ និងផលិតឡើងវិញបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និន្នាការបន្តធ្វើឱ្យប្រសើរឡើង នៃសេដ្ឋកិច្ចប្រទេសចិន កាន់តែមានភាពជាក់លាក់ ។

បើមើលកាន់តែល្អិតល្អន់អាចឃើញថា ទិន្នន័យលើកនេះ នៅមានលក្ខណៈ ពិសេសមួយចំនួនទៀត។ឧទាហរណ៍ ក្នុងខែមីនា PMIនៃមុខរបរផលិតកម្ម បច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មទំនិញប្រើប្រាស់ និងមុខរបរផលិតគ្រឿងបរិក្ខារ នៃប្រទេសចិនគឺ៥៣.៩ភាគរយ៥១.៨ភាគរយនិង៥១.៦ ភាគរយ ដែលសុទ្ធតែកើនឡើងជាងខែមុន។ ក្នុងចំណោមនោះ សន្ទស្សន៍ផលិតកម្ម នៃមុខរបរផលិតកម្ម បច្ចេកវិទ្យាខ្ពស់ និងសន្ទស្សន៍នៃការបញ្ជាទិញថ្មី សុទ្ធតែខ្ពស់ជាង៥៥ភាគរយ ដែលបង្ហាញថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចប្រទេសចិន បាននិងកំពុងត្រូវជំរុញយ៉ាងប្រាកដប្រជា។ ម្យ៉ាងទៀត សន្ទស្សន៍រំពឹងទុក សម្រាប់សកម្មភាព ផលិតកម្ម និងអាជីវកម្មគឺ៥៥.៦ភាគរយ បានកើនឡើងដល់ ចន្លោះអាជីវកម្មខ្ពស់ ដែលបង្ហាញថា សហគ្រាស បានបង្កើនជំនឿចិត្ត លើការអភិវឌ្ឍនៃទីផ្សារ ប្រទេសចិននៅពេលថ្មីៗនេះ។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ ក្នុងនាមជាអង្គភាព សេដ្ឋកិច្ចធំទី២លើពិភពលោក ស្ថិរភាពនិងការធ្វើឱ្យប្រសើរឡើង នៃសេដ្ឋកិច្ចប្រទេសចិន ពិតជាព័ត៌មានល្អ សម្រាប់ពិភពលោក ។ លោក Tang Ruisi អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសមាគមន៍ Brookingsអាមេរិក បានលើកឡើងថា ការពន្លឿនការអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី របស់ប្រទេសចិន នឹងធ្វើឱ្យ សមិទ្ធិផល ប្រកប ដោយភាពច្នៃប្រឌិតថ្មី មួយចំនួន”ផ្តល់ផលប្រយោជន៍ ដល់ពិភពលោក” និងបំពេញបន្ថែម ចលករថ្មី ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ។ សេដ្ឋកិច្ចចិនមានសក្ដានុពល អភិវឌ្ឍន៍ដ៏ធំធេង វាមិនត្រឹមតែមាន អំណោយផលដល់ប្រទេស ចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផល ដល់ពិភពលោកទៀតផង៕
អត្ថបទដោយវិទ្យុ មិត្តភាព កម្ពុជាចិន

To Top