ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឲ្យអំណាចរដ្ឋ ប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។
ក្នុងឱកាសបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នាថ្ងៃទី៣ មេសា ព្រះអង្គមានព្រះរាជបន្ទូលថា “ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងនូវសេចក្ដីអំណរសាទរ ដ៏កក់ក្ដៅក្រៃលែង ថ្វាយនិងជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឲ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ ។ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឲ្យអំណាចរដ្ឋ ប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។ សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លា នៃសង្គមជាតិឲ្យស្ថិតសេ្ថរគង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក”។
ព្រះករុណាមានព្រះរាជបន្ទូលបន្តថា ព្រឹទ្ធសភាសម្រេចបានលទ្ធផលវិជ្ជមាន ជាឧត្តមប្រយោជន៍ចំពោះជាតិ និងប្រជារាស្ត្រ ជាពិសេសពង្រឹងបានស្ថិរភាពនយោបាយ និងការឯកភាពជាតិ លើកកម្ពស់ការគោរពច្បាប់ និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់នានា ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាស្ពានតភ្ជាប់អំណាចរដ្ឋ ទៅថ្នាក់មូលដ្ឋានខាងក្រោម ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យចាក់គ្រឹះកាន់តែជ្រៅ ចាប់ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានឃុំ-សង្កាត់ ។ ក្នុងមុខងារសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភា ចូលរួមក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយបានដើរតួនាទីប្រកបដោយកិត្តិយស និងសក្ដានុពលនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។
ព្រះអង្គទ្រង់មានព្រះបន្ទូលសង្កត់ធ្ងន់ថា ឈរលើអត្តសញ្ញាណជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួមចំណែកឲ្យកាន់តែសកម្មថែមទៀត ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្ម សង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីឲ្យមានការបែងចែកមុខងារ ធនធាននិងការទទួលខុសត្រូវច្បាស់លាស់ រវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍដោយចីរភាព និងបរិយាបន្ន ។ ទន្ទឹមនេះ ព្រឹទ្ធសភា ត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្ដីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រគ្រប់រូប ។
ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលទៀតថា ខ្មែរគឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សត្រូវបានអនុវត្ត ប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើឧត្តមប្រយោជន៍ជាតិពិតប្រាកដ ។ ក្នុងន័យនេះ ការថែរក្សាការពារសន្តិភាព និងស្ថិរភាព ជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបាន សម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ គ្រប់ផ្នែក គ្រប់វិស័យ ។
ព្រះអង្គទ្រង់ ក៏មានព្រះរាជបញ្ជាឲ្យសមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់វិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្ដៅដល់ប្រជារាស្ត្រ៕