ព័ត៌មានជាតិ

ថូផ្កាដីឥដ្ឋ នៅហាយគូ គឺស្រដៀងគ្នា នៅខេត្តកំពង់ឆ្នាំង​

ហាយគូជាទីក្រុងទេសចរណ៍ដ៏ធំមួយនៃខេត្តហាយណាន​។ នៅហាយគូមានផលិតក្នុងតំបន់ជាច្រើនណាស់ត្រូវលើកយកមកពិភាក្សាគ្នា ប៉ុន្តែថ្ងៃពេលនេះ សូមលើកយកផលិតផលមួយគឺការផលិតថូផ្កាពីដីឥដ្ឋនិងបណ្តុះផ្កាអូគីដេនៅភូមិលឺម៉ី នៃតំបន់តុងហ្វឹង(Dongfang)មកដាក់លើតុពិភាក្សាចែករំលែក។ នៅភូមិមួយដែលមានឈ្មោះថា “លឺម៉ី” នៃក្រុងតុងហ្វឹង មានផលិតក្អមឆ្នាំង ថូផ្កាពីដីឥដ្ឋយ៉ាងល្អប្រណីតបែបអ្នកស្រុកជនបទដើម្បីផ្គត់ផ្គង់ចូលទីផ្សារដូចនៅខេត្តកំពង់ឆ្នាំង។

ថូផ្កាដីនីមួយៗមានរូបរាងផ្សេងៗគ្នាដោយមានតួនាទីផ្សេងគ្នា។ ក្អមនិងថូផ្កានៅទីនេះ គឺផលិតចេញពីដីឥដ្ឋដែលមានគុណភាពក្រោមការដុតកម្តៅក្តៅខ្លាំងដើម្បីឱ្យឆ្អិនស្វិតល្មួតចូលគ្នាជាប់បានយូរទើបប្រើបាននិងមានគុណភាពល្អ។ ថូផ្កានិងក្អម ខ្លះសម្រាប់ដាក់ផ្កាលម្អគេហដ្ឋាន ខ្លះដាក់សម្រាប់ទឹកញាំ និងខ្លះតាំងទុកលម្អនៅការិយាល័យបែបវត្ថុរាណដើម្បីរម្លឹកអនុស្សាវរីយ៍នាទីជនបទ។ ថូផ្កាដីមានឆ្លាក់រូបប្លែកៗជាច្រើនដែលទាក់ទាញដូចជារូបកង្កែប រូបនាគ រូបឥន្ទ្រី និងចម្លាក់រចនាបែបជនដើមភាគតិច ដែលយើងមើលទៅពិតជាទាក់ទាញខ្លាំងមែន។

បើយើងប្រៀបធៀបទំនៀមទម្លាប់និងផលិតផលទាំងនេះជាមួយខ្មែរ គឺស្រដៀងគ្នាមែនទែននៅខេត្តកំពង់ឆ្នាំង។ កំពង់ឆ្នាំងដែលល្បាញល្បីខ្លាំងខាងផលិតក្អម ថូផ្កា និងសម្ភារៈប្រើប្រាស់ផ្សេងទៀត​សម្រាប់ដាក់លម្អលំនៅឋាន​ ការិយាល័យ និងសម្រាប់លក់ជាដើម។ ភាពស្រដៀងគ្នានេះ អាចនិយាយបានថា កម្ពុជា-ចិន មិនត្រឹមតែមានភាពល្អប្រសើរផ្នែកការទូតនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពល្អប្រសើរផ្នែកវប្បធម៌និងសិប្បកម្មអាជីវកម្ម ដែលផលិតពីដីឥដ្ឋផងដែរ។ សក្ខីកម្មនេះ អាចបញ្ជាក់ថា កម្ពុជា-ចិនមហាមិត្តម៉ឺនឆ្នាំ៕

To Top