អ្នកវិភាគមើលឃើញថា ការលើកលែងការយកថ្លៃសេវាទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ អំឡុងពេលចូលឆ្នាំខ្មែរ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ចំពោះពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ថា៖«ការលើកលែងថ្លៃទិដ្ឋាការចេញ-ចូល (Re-Entry) គឺជាការជួយសម្រួលដល់បន្ទុកនៃការចំណាយមួយដល់ពលករ មានន័យថាគាត់អាចសល់លុយពីការមិនបង់ថ្លៃសេវាទិដ្ឋាការនេះ ទុកមកលេងស្រុកនាអំឡុងពេលចូលឆ្នាំខ្មែរខាងមុខ»។
លោកបណ្ឌិត បន្ថែមថាការរិះរកយន្តការផ្សេងៗដើម្បីជួយសម្រួលបន្ទុកពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស គឺជាកាយវិការមួយត្រឹមត្រូវណាស់ ហើយលោកវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ លោកបានសង្កត់ធ្ងន់ថា ការចរចាររវាងរដ្ឋាភិបាលកម្ពុជា និងថៃ រហូតមានការសម្រេចលើកលែងការមិនយកថ្លៃសេវាបង់ប្រាក់លើទិដ្ឋាការចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ នេះក៏បង្ហាញពីទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសបង្ហាញពីចក្ខុវិស័យនៃនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះផងដែរ។




គួរបញ្ជាក់ដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃ ពី១៩០០បាត មកត្រឹម៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៕
