ថ្ងៃនេះ សូមទាញអារម្មណ៍លោកអ្នកអានឱ្យចោលភ្នែកក្រឡេកទៅមើលខេត្តដែលមានសក្ដានុពលផ្នែកឧស្សាហកម្មធំៗ មានដូចជារោងចក្រសហកគ្រាស មន្ទីរពិសោធន៍វេជ្ជសាស្ត្រទេសចរណ៍ តំបន់ទេសចរណ៍ស្រស់ស្អាតទាក់ទាញ និងសក្ដានុពលការដឹកជញ្ជូនផ្លូវទឹកដ៏ធំរបស់ប្រទេសចិនគឺ ខេត្តហាយណាន។ ហ៊ុមព័ទ្ធដោយសមុទ្រដ៏ធំល្វឹងល្វើយ និងគ្របដណ្តប់ដោយរុក្ខជាតិពណ៌បៃតងយ៉ាងស្រស់ស្អាតត្រជាក់ភ្នែកប្រមាណជាង៦២ភាគរយ ហាយណាន ជាខេត្តសេដ្ឋកិច្ចធំលំដាប់លេខ២របស់ប្រទេសចិន។ ហាយណានបានចូលរួមបង្កើនផលិតផលក្នុងស្រុកសរុបប្រមាណ៩.២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន។ ប្រជាជនរីករាយរាកទាក់ ញញឹមស្វាមគមន៍ពីទីក្រុងរហូតដល់ជនបទ ខេត្តហាយណាន មានបញ្ញាជនជាច្រើនបានយកចិត្តទុកដាក់ចំពោះប្រទេសជាតិ ដោយចូលរួមលះបង់ពេលវេលាផ្ទាល់ខ្លួនទៅទីជនបទដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ផលិតក្នុងតំបន់ឱ្យក្លាយជាផលិតផលស្តង់ដា មានគុណភាព មានការកែច្នៃ និងមានស្ថេរភាពទីផ្សារល្អប្រសើរ។
តាមពិតនៅហាយណានមានផលិតក្នុងតំបន់ជាច្រើនណាស់ត្រូវលើកយកមកពិភាក្សាគ្នា ប៉ុន្តែថ្ងៃពេលនេះខ្ញុំសូមលើកយកផលិតផលមួយ គឺការផលិតថូផ្កាពីដីឥដ្ឋនិងបណ្តុះផ្កាអ័រគីដេនៅភូមិលឺម៉ីនៃតំបន់តុងហ្វឹង(Dongfang)មកដាក់លើតុពិភាក្សាចែករំលែកគ្នាជាមួយអ្នកអាន និងអ្នកទស្សនា។
ចេញពីខេត្តហាយណានដោយចំណាយប្រមាណជាង៤ម៉ោង ខ្ញុំនិងអ្នកសារព័ត៌មានអន្តរជាតិជាច្រើនអ្នកបានទៅដល់ភូមិមួយដែលមានឈ្មោះថា “លឺម៉ី” នៃក្រុងតុងហ្វឹង ដែលជាកន្លែងបណ្តុះផ្កាអ័រគីដេសម្រាប់ដាក់លម្អនិងផលិតក្អមឆ្នាំង ថូផ្កាពីដីឥដ្ឋយ៉ាងល្អប្រណិតបែបអ្នកស្រុកជនបទដើម្បីផ្គត់ផ្គង់ចូលទីផ្សារ។ ក្អមនិងថូផ្កានៅទីនេះ គឺផលិតចេញពីដីឥដ្ឋដែលមានគុណភាពក្រោមការដុតកម្តៅក្តៅខ្លាំងដើម្បីឱ្យឆ្អិនស្វិតល្មួតចូលគ្នាជាប់បានយូរទើបប្រើបាននិងមានគុណភាពល្អ។ ថូផ្កាអ័រគីដេនីមួយៗមានចម្លាក់បែបបុរាណលាយសម័យទំនើប លម្អដោយពណ៌ដីដែលដុតខ្លោចបន្តិច ក្រហមបន្តិចលាយឡំចម្រុះផាត់ពណ៌បង្កើនភាពទាក់ទាញអារម្មណ៍អ្នកប្រើប្រាស់យ៉ាងខ្លាំង។
ថូផ្កាដីនីមួយៗ មានរូបរាងផ្សេងៗគ្នាដោយមានតួនាទីផ្សេងគ្នា។ ខ្លះសម្រាប់ដាក់ផ្កាលម្អគេហដ្ឋាន ខ្លះដាក់សម្រាប់ទឹកញាំ និងខ្លះតាំងទុកលម្អនៅការិយាល័យបែបវត្ថុរាណដើម្បីរម្លឹកអនុស្សាវរីយ៍នាទីជនបទ។ ថូផ្កាដីមានឆ្លាក់រូបប្លែកៗជាច្រើនដែលទាក់ទាញដូចជារូបកង្កែប រូបនាគ រូបឥន្ទ្រី និងចម្លាក់រចនាបែបជនដើមភាគតិច ដែលយើងមើលទៅពិតជាទាក់ទាញខ្លាំងមែន។
ជាសាស្ត្រាចារ្យផ្នែកសាកវប្បកម្មនៅសកលវិទ្យាល័យហាយណាន លោកសាស្រាចារ្យ ឌឺប៉ីង លីវ(Debing Liu) បានមានប្រសាសន៍ថា នៅទីនេះសម្បូរដោយប្រជាជនជនជាតិដើមភាគតិច។ ពលរដ្ឋឧស្សាហ៍ព្យាយាមនៅពេលដែលមានការគាំទ្រពីសកលវិទ្យាល័យហាយណានផ្នែកទេពកោលស្យនិងបច្ចេកវិទ្យា នៅភូមិលឺម៉ី គឺយើងសម្រេចចិត្តបណ្តុះផ្កាអ័រគីដេ និងថូផ្កាពីដីឥដ្ឋដើម្បីលក់ទៅតាមតម្រូវការទីផ្សារ។ ការសិក្សាទីផ្សារបានបង្ហាញថា តម្រូវការទីផ្សារផ្នែកផ្កាអ័រគីដេ មាននិន្នាការល្អនិងមានសន្ទុះគាំទ្រល្អប្រសើរនិងមានស្ថេរភាពទីផ្សារ។ “យើងសិក្សាស្រាវជ្រាវច្បាស់លាស់ពីតម្រូវការទីផ្សារ។ ហើយការធ្វើទំនើបកម្មការលក់ផលិតផលក្នុងតំបន់ គឺទាមទារឱ្យមានអ្នកចំណេះដឹកផ្នែកលក់ដើម្បីអាចដឹងច្បាស់ពីចំណងចំណូលចិត្តរបស់អតិថិជន។ សិប្បកម្មថូផ្កានិងផ្កាអ័រគីដេ គឺទាមទារឱ្យមានប្រព័ន្ធគ្រប់គ្រងបានល្អដើម្បីរក្សាគុណភាពនិងសោភ័ណភាពសម្រស់របស់ផ្កាអ័រគីដេបានយូរ និងអាចទាក់ទាញចិត្តរបស់អតិថិជនបាន”។ លោកបន្ថែមថា ក្រុមការងារផ្នែកបច្ចេកទេសផ្សព្វផ្សាយនិងការលក់ បានសហការជាមួយនឹងអ្នកចែកចាយកណ្តាល (ឈ្មួញកណ្តាល) ដើម្បីអាចបង្កើនឱ្យមានការគាំទ្រកាន់តែច្រើនឡើង និងបានទៅដល់ដៃអ្នកប្រើប្រាស់កាន់តែងាយស្រួល។ ហើយយុទ្ធសាស្ត្រលក់មួយទៀត គឺយើងបង្កើនការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីឱ្យអ្នកចូលចិត្តផ្កា និងថូផ្កាដីអាចមើលឃើញនិងអាចបញ្ជាទិញបាន។ “យើងបានបង្កើតការលក់ផ្កានិងថូផ្កាដីតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបអ៊ែប(App) ដើម្បីប្រាកដថា ការលក់នេះកាន់តែទំនើប និងមានភាពជឿនលឿនជាងមុន។ ហើយតម្លៃនៃផលិតផលថូផ្កាដីមានតម្លៃសមរម្យដើម្បីអាចប្រាក់ចំណេញខ្លះ។ ហើយប្រាក់ចំណេញនឹងក្លាយជាទៅកញ្ចប់វិថិកាដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកនិងកិច្ចការងារផ្សេងៗនៅក្នុងសិប្បកម្មថូផ្កាដីនិងផ្កាអ័រគីដេនៅក្នុងភូមិលឺម៉ីនេះ”។
ជាការពិតណាស់នៅពេលដែលសួរថា “សិប្បកម្មថូផ្កានិងផ្កាអ័រគីដេបានកញ្ចប់ថវិកាពីណាដើម្បីគាំទ្រសកម្មភាពសិប្បកម្មនិងដើម្បីស្ថេរភាពសិប្បកម្មមួយនេះបានយូរអង្វែង”? សាស្ត្រាចារ្យឌឺប៉ីង លីវ(Debing Liu) មានប្រសាសន៍ថា “យើងបានកម្ចីលុយពីធនាគារក្នុងតំបន់ដោយប្រើឈ្មោះសហគ្រាសផ្កាអ័រគីដេនិងថូផ្កា ដើម្បីយកមកអភិវឌ្ឍន៍ផលិតផលនានាឱ្យបានច្រើននិងដើម្បីអាចរក្សាស្ថេរភាពលំនឹងសិប្បកម្មបានយូរអង្វែងដែលអាចធានាដល់ជីវភាពរបស់ពលរដ្ឋកាន់តែប្រសើរ។ ហើយយើងបង់រំលស់សងធនាគាវិញបន្តិចៗម្តងតាមរយៈប្រាក់ចំណេញដែលបានមកពីលក់ផ្កាអ័រគីដេ ថូផ្កា ក្អមដី និងផលិតតម្រាញផ្សេងៗទៀតដែលបានយើងបានកែច្នៃនិងផ្គត់ផ្គង់ចូលទីផ្សារ”។
គេសង្កេតឃើញថា នៅជុំវិញបរិវេនភូមិលឺម៉ី គឺមានដំណាំកសិកម្មជាច្រើនបានដាំនិងបានដាក់បង្ហាញដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ។ ក្រៅពីផ្កាអ័រគីដេ ថូផ្កាផលិតពីដីឥដ្ឋ គេសង្កេតឃើញថាមានដាំណាកសិផលជាច្រើនជាអាទិ ផ្លែចេក ផ្លែមាន អំពៅ ស្វាយ និងថ្នាំជក់កែច្នៃជាស៊ីហ្គាជាដើម្បី។ ហើយផលិតកសិកម្មនេះ មានការវេចខ្ចប់បានល្អប្រសើរនិងមានប្រណីតភាពទាក់ទាញទឹកចិត្តអតិថិជន។ ទន្ទឹមនឹងផងដែរ នៅក្នុងអគារដាក់តាំងផលិតផលតម្បាញ និងថូផ្កាផលិតពីដី គេឃើញមានកន្លែងថតផ្សាយលក់ផលិតផល ដើម្បីដាក់ផ្សាយលើបណ្តាញសង្គមនានាមានតិតុកជាដើម។ បើគេក្រឡេកមើលតម្លៃផលិតផលថូផ្កាមួយដែលទំហំធំល្មម គឺមានតម្លៃចន្លោះពី៥៩០យ័នចិន ទៅ៦៩០យ័នចិន ដែលស្មើប្រមាណជិត១០០ដុល្លារសហរដ្ឋអាមេរិក។
បើយោងតាមសង្វាក់ផលិតនៃតម្លៃពលកម្ម តម្លៃនេះអាចមានប្រាក់ចំណេញគួរសមបើសម្ទុះទីផ្សារមាននិន្នាការគាំទ្រច្រើនពីអ្នកប្រើប្រាស់។ ហើយអាចទាញយកចំណែកទីផ្សារមានភាពស្រួល បើប្រៀបធៀបការប្រកួតប្រជែងតម្លៃជាមួយថូផ្កាជ័រ និងថូផ្កាប៉កស៊ីឡែនបានទាំងពេលបច្ចុប្បន្ន និងអនាគត។ ជាការពិតណាស់នៅពេលយើងមកដល់ទីក្រុងទេសចរណ៍ដ៏ល្បីល្បាញគឺក្រុងហាយគូ (HaiKou) យើងសង្កេតឃើញមានការដាក់តាំងបង្ហាញផលិតថូផ្កាផលិតពីដីឥដ្ឋយ៉ាងច្រើន។ តាមរយៈការដាក់តាំងបង្ហាញនេះ យើងអាចសន្និដ្ឋានបានថា “សិប្បកម្មថូផ្កានិងផ្កាអ័រគីដេ” នៅភូមលឺម៉ី គឺមានគាំទ្រពីអតិថិជននិងអាចស្ថេរភាពបានយូរអង្វែង៕