ភ្នំពេញ ៖ ក្រោយទទួលការគាំទ្រ សំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភា ចំនួន ៦២លើ ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកដំបូង ព្រឹទ្ធសភា នីតិកាលទី៥ សម្ដេចតេជោ ហ៊ុន សែន បានទទួលយក និងទទួលខុសត្រូវខ្ពស់បំផុត ប្រកបដោយប្ដេជ្ញាចិត្ត និងដឹងច្បាស់អំពីសារៈសំខាន់ នៃស្ថាប័នព្រឹទ្ធសភា ។
ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភា លើកដំបូងសម្រាប់នីតិកាលទី៥ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ មានប្រសាសន៍ថា នឹងខិតខំប្រឹងធ្វើការជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីការពារផលប្រយោជន៍ជាតិ ការពាររដ្ឋធម្មនុញ្ញ របបរាជានិយម និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ។ សម្តេចអះអាងទៀតថា នឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាដល់ឯកភាពជាតិ និងសាមគ្គីភាពដ៏រឹងមាំ ។
សម្តេចគូសបញ្ជាក់ថា «សូមថ្លែងអំណរព្រះគុណ និងអរគុណ ដ៏ជ្រាវជ្រៅបំផុត ថ្វាយ និងជូនចំពោះ សម្ដេច ព្រះអង្គម្ចាស់ សមាជិក-សមាជិកា នៃព្រឹទ្ធសភា នីតិកាលទី៥ ទាំងអស់ ដែលបានផ្ដល់កិត្តិយស និងសេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើស ទូលព្រះបង្គំខ្ញុំ ជាប្រធានព្រឹទ្ធសភានីតិកាលទី៥។ ទូលព្រះបង្គំខ្ញុំ សូមទទួលយក ការទទួលខុសត្រូវដ៏ខ្ពស់បំផុតនេះ ប្រកបដោយការប្ដេជ្ញាចិត្ត និងដឹងដោយច្បាស់ពីសារៈសំខាន់ដោយជ្រាលជ្រៅ នៃស្ថាប័នរបស់យើង នៅក្នុងដំណើរការកសាង និងពង្រឹងប្រជាធិបតេយ្យក្មេងខ្ចី ក៏ដូចជា ក្នុងការថែរក្សាគុណតម្លៃគ្រឹះ នៃសង្គមរបស់យើង»។
សម្តេចតេជោបន្តថា ក្នុងការបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតក្នុងភូមិភាគទាំងប្រាំ៨ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ បានទទួលសំឡេង ភាគច្រើនលើសលប់ បានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ។ សម្តេចថា ការគាំទ្រដ៏លើសលប់នេះហើយ បានឆ្លុះបញ្ចាំងបង្ហាញជាថ្មីម្តងទៀត នូវជំនឿជាក់ និងទំនុកចិត្ត លើគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលធានានូវសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍។
ឆ្លៀតឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់គុណបំណាច់របស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ ព្រមទាំងលោក ស៊ឹម កា អតីតអនុប្រធានទី១ និងលោក ទេព ងន អតីតអនុប្រធានទី២ ដែលបានលះបង់កំលាំងជួយពង្រឹងស្ថាប័នព្រឹទ្ធសភារយៈពេលជាច្រើនឆ្នាំកន្លងមក ៕