ព័ត៌មានជាតិ

ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ១,៥លាននាក់ ៖ សិក្ខាកាមចាប់ផ្តើម ចុះកម្មសិក្សា នៅតាមក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព លើការអនុវត្តផ្ទាល់

ភ្នំពេញ ៖ វិទ្យាស្ថានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្តើមបញ្ជូនសិក្ខាកាម សិក្សាជំនាញរបស់ខ្លួនចុះកម្មសិក្សា នៅក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព លើការអនុវត្តផ្ទាល់ ផ្សារភ្ជាប់ជាមួយការសិក្សា ទ្រឹស្តីនៅក្នុងថ្នាក់ ។ ការចុះកម្មសិក្សានេះ បន្ទាប់ពីសិក្ខាកាមបាននិង កំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសបានជាង៣ខែរួចមកហើយ ចាប់តាំងពីការបើកបវេសនកាលកម្មវិធីសិក្សា នេះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក យ៉ោក សុទ្ធី បានលើកឡើងថា៖ «វិទ្យាស្ថានខ្ញុំបានបញ្ជូនសិក្ខាកាម ដែលកំពុងសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥ លាននាក់ ចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន និងការដ្ឋានរួចរាល់ហើយ កាលពីពេលថ្មីៗនេះ»។

នាយកវិទ្យាស្ថានរូបនេះបានគូសបញ្ជាក់ថា ការចុះកម្មសិក្សាគឺមានសារសំខាន់ណាស់សម្រាប់សិក្ខាកាមដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីព្រោះការចុះកម្មសិក្សាគឺជាការផ្សារភ្ជាប់ ទៅនឹងមេរៀនដែលបានសិក្សានៅក្នុងថ្នាក់ ហើយកម្មសិក្សាក៏ជាផ្នែកមួយលើការពង្រឹង សមត្ថភាពបន្ថែមពីលើការអនុវត្តនៅរោងជាង ដែលមានស្រាប់នៅក្នុងវិទ្យាស្ថានផងដែរ។

លោកនាយកវិទ្យាស្ថានបន្ថែមថា មាន៣ចំណុចសំខាន់នៅពេលចុះកម្មសិក្សា ទី១ សិក្ខាកាមអាចពិនិត្យបរិស្ថានការងារនៅជុំវិញខ្លួនដែលជាក្រុមហ៊ុនឯកជន ទី២ សិក្ខាកាមអាចហាត់ការផ្ទាល់ជាមួយក្រុមហ៊ុនឯកជន ទី៣ សិក្ខាកាមមានឱកាសជ្រើសរើសធ្វើការនៅក្រុមហ៊ុនឯកជននោះតែម្តងបន្ទាប់ពីហាត់ការរួច។

ទន្ទឹមនេះ នាយកវិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជិន តារ៉ា ក៏បានលើកឡើងដែរថា ៖«ការចុះកម្មសិក្សាពិតជាមាន សារសំខាន់ ណាស់សម្រាប់សិក្ខាកាមសិក្សាជំនាញ ហើយវាក៏ជាឱកាសសិក្សាមួយ សំខាន់បន្ថែមពីលើការអនុវត្ត ដែលមានស្រាប់នៅក្នុងថ្នាក់»។
លោកបន្ថែមថា ក្រុមហ៊ុនឯកជន នឹងធ្វើការជ្រើសរើសសិក្ខាកាមចុះកម្មសិក្សា ទាំងឡាយណាដែលមានឥរិយាបទការងារល្អអំឡុងពេលហាត់ការ ចូលធ្វើការជាបុគ្គលិកក្រុមហ៊ុននោះពេញសិទ្ធិផងដែរ ។ ដូច្នេះសិក្ខាកាមដែលចុះកម្មសិក្សា ត្រូវតែធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទាក់ចិត្តក្រុមហ៊ុនឯកជននោះ ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ត្រូវបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ និងបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមបាននិងកំពុងសិក្សា ជំនាញវិជ្ជាជីវៈវគ្គទី១បានជាង៣ខែដោយរលូន ។ វិទ្យាស្ថានបណ្តុះបណ្តាលមួយចំនួន បានចាប់ផ្តើមឱ្យសិក្ខាកាមរបស់ខ្លួន ចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជនផ្សេងៗដើម្បីពង្រឹងសមត្ថភាព បន្ទាប់សិក្សាទ្រឹស្តីក្នុងថ្នាក់ និងអនុវត្តនៅ តាមសាលាបណ្តុះបណ្តាលផងដែរ៕

To Top