ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ ជាដាច់ខាត និងទប់ស្កាត់ជា បន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ អំឡុងពេលរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅតាមគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈ និងឯកជន ។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា សិស្សានុសិស្សមួយចំនួន នៅតាមគ្រឹះស្ថានមធ្យម សិក្សាបាន និងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោង ទឹក លាប ម្សៅទៅលើគ្នា ទៅវិញ ទៅមកដោយគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំង គ្មានសុវត្ថិភាព។
ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ ក្រសួងណែនាំដល់គ្រប់គ្រឹះស្ថានមធ្យមសិក្សាដូចខាងក្រោម៖
១. ហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជា បន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំ ប្រជាប្រិយខ្មែរ និងល្បែងមួយចំនួន ដែលប្រឈមនឹងហានិភ័យ គ្មានសុវត្ថិភាព និងបង្កឲ្យមានគ្រោះថ្នាក់ ដូចជាលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។
២. គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវរៀបចំបែងចែកការទទួលខុសត្រូវ តាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួល ឲ្យសិស្សានុសិស្ស បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ។
៣. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ។
៤. សហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណា ព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និង ទទួលព័ត៌មាននានាពាក់ព័ន្ធ នឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្តល់ ការអប់រំ ណែនាំ និងកែលម្អបាន ទាន់ពេលវេលា៕