ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយស្តីពីសុវត្ថិភាពអគ្គិភ័យដល់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តកំពង់ចាម

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីសុវត្ថិភាពអគ្គិភ័យ ដល់តំណាងសហគ្រាស គ្រឹះស្ថាននៅជុំវិញខេត្តកំពង់ចាមចំនួន ១០៦នាក់ ដែលរៀបចំធ្វើនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម។

លោក ចេង ហ៊ាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម លើកឡើងក្នុងវគ្គបណ្តុះបណ្តាលនាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ថា បើមានសហគ្រាស គ្រឹះស្ថានណាមួយមានអគ្គិភ័យកើតឡើង ច្បាស់ណាស់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក៏ដូជា បុគ្គលិក និងកម្មករនិយោជិត សុទ្ធតែមានការខាតបង់ ដូច្នេះសូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួម បង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ព្រោះវាជាគោលបំណងរួមរបស់រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ដើម្បីធ្វើការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ សង្គម និងគ្រួសារ។

លោកប្រធានមន្ទីរបន្តថា នាឱកាសនៃប្រារព្ធទិវាជាតិ ពន្លត់អគ្គិភ័យ ឯកឧត្តមអភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់គ្រប់សហគ្រាស គ្រឹះស្ថានក្នុងខេត្ត ត្រូវរៀបចំឱ្យមានសម្ភារ: ឧបករណ៍ ពន្លត់អគ្គិភ័យ ពិសេសរោងចក្រធំៗ ត្រូវមានរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង និងសម្ភារ:ពន្លត់អគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងបង្ហាត់បង្រៀនអំពីរបៀបប្រើប្រាស់ផងដែរ។

ថ្លែងបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយនោះដែរ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គ្រោះថ្នាក់អគ្គិភ័យ អាចក្លាយជាមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងវិធានការបង្ការទុកជាមុនដែលវាជាផលប៉ះពាល់ ដូមីណូ។ ជាក់ស្តែង នារយៈពេលចុងក្រោយនេះ ករណីអគ្គិភ័យបានកើតឡើងនៅក្នុងសហគ្រាស គ្រឹះស្ថានមួយចំនួនក្នុងរាជធានីភំ្នពេញ និងបានបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់សហគ្រាស គ្រឹះស្ថានផងដែរ។

លោក ឡេង តុង បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរលេខ០២សរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្តីពីវិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ និងណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់និយោជកជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតអំពីវិធានការបង្ការអគ្គិភ័យ និងវិធានសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។ មួយវិញទៀត ដើម្បីបង្ការ និងទប់ស្កាត់អគ្គិភ័យ សហគ្រាស គ្រឹះស្ថាន ត្រូវមានការវាយតម្លៃហានិភ័យការងារ ត្រួតពិនិត្យប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យជាប្រចាំ ស្របតាមលក្ខណៈបច្ចេកទេស៕

To Top