ព័ត៌មានជាតិ

លោក សំ វិច្ឆិកា ៖ ត្រូវតែចាត់ការតាមច្បាប់ លើបុរសម្នាក់ ឈ្មោះ ដែន សូនី តារាហ្វេសប៊ុក ប្រើហិង្សាលើស្រ្តីម្នាក់ ទោះរូបគេបកស្រាយថា ជាការសម្តែងក៏ដោយ

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ទោះបីជាបុរសម្នាក់ឈ្មោះ គង់ សុខសែង ឈ្មោះក្រៅហៅ Den Sony ដែលគ្រប់គ្នាជាអ្នកលេងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកស្គាល់ថា ជាតារាហ្វេសប៊ុកនោះ បានប្រើហិង្សាលើស្ត្រីម្នាក់ ទោះបីជារូបគេខំប្រឹងឡាយ បកស្រាយយកខ្លួនថា ការប្រើហិង្សានោះគឺជាសម្តែង យ៉ាងណាក៏ដោយ ក៏ត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃ៤ មេសាថា ក្រោយមានការចែកចាយ វិដេអូជាបន្តបន្ទាប់លើបណ្តាញសង្គមពីករណីបុរសម្នាក់ បានប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល១កន្លែងភ្លាម កាលពីថ្ងៃ៣ មេសា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឲ្យនគរបាលចុះស្រាវជ្រាវករណីនេះ ព្រមទាំងបានឃាត់ខ្លួនបុរសបង្កហេតុផងដែរ ។ លោកថា នៅព្រឹកនេះ ពួកគេទាំង២នាក់ស្រ្តីរងគ្រោះ និងបុរសបង្កហេតុក៏បានចូលខ្លួនមកបំភ្លឺករណីហិង្សានេះហើយ ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ទោះបុរសខាងឈ្មោះ ដែន សូនី ខំចេញវិដេអូបកស្រាយដើម្បីលាងសំអាតខ្លួនឯងនោះ ក៏ត្រូវអនុវត្តទៅតាមច្បាប់ជាធរមានដែរ ។
លោកបញ្ជាក់ថា “អ្វីដែលជាការឡាយ របស់បុរសដែលគេឃើញថា ប្រើអំពើហិង្សាគាត់បានឡាយថា ការធ្វើនេះគឺជាការPrankទេ (សម្តែងលេងសើច) ប៉ុន្តែតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ​ និងតាមជំនាញរបស់សមត្ថកិច្ច គឺមិនលេងសើច Prank មិនPrankទេ គឺសមត្ថកិច្ចនឹងធ្វើកិច្ចការងារនេះ ដោយតាមទិដ្ឋភាពជាក់ស្តែង”។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ស្រ្តីរងគ្រោះគឺជាប្អូនថ្លៃ របស់បុរសឈ្មោះ ដែន សូនី ហើយហេតុការណ៍នេះ ក៏បានកើតឡើងតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជួលមួយកន្លែងក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ៕

To Top