ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃ៤ មេសានេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអន្តរាគមន៍ សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី បានធ្វើឲ្យស្ថានភាពធាតុអាកាស កាន់តែមានលក្ខណៈធ្ងន់ធ្ងរ និងបង្កឲ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែកើនឡើង ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ រំខានដល់សកម្មភាពសេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាជន។

រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារក្រសួងធនធានទឹក និងមន្ទីររាជធានី-ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានធ្វើអន្តរាគមន៍យ៉ាងសស្រាក់សស្រាំបូមទឹក ដើម្បីនាំទឹកទៅសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករដែលជួបប្រទះបញ្ហាខ្វះទឹក ដោយទទួលបានជោគជ័យ លើផ្ទៃដីអន្តរាគមន៍សរុបប្រមាណ ៦០ ១១៩ ហិកតា នៅតាមបណ្តាខេត្តចំនួន ១៤។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់ថា តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អន្តរាគមន៍ដែលបាននិងកំពុងអនុវត្ត ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធនាពេលនេះ នឹងរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ធ្វើជាមូលដ្ឋានដើម្បីឲ្យការអនុវត្តការងារ នៅពេលខាងមុខកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចបានជោគជ័យ ក្រោមកិច្ចសហការកាន់តែល្អ មានការទទួលខុសត្រូវខ្ពស់ និងការចូលរួមកាន់តែសកម្ម។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត និងមន្ត្រីបច្ចេកទេស បន្តតាមដានដោយយកចិត្តទុកដាក់ លើស្ថានភាពទឹកនៅតាមអាងទឹក និងប្រព័ន្ធធារាសាស្ត្រនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ថែរក្សាទឹកទុកឲ្យបានល្អ និងប្រើប្រាស់ចំទិសដៅ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានរម្លឹកបន្ថែម ដល់អង្គភាពជំនាញបន្តការ យកចិត្តទុកដាក់ត្រួតពិនិត្យ និងថែទាំស្ថានីយបូមទឹក និងម៉ាស៊ីនបូមទឹកគ្រប់ប្រភេទឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមជួយអន្តរាគមន៍ដល់ប្រជាកសិករ ព្រមទាំងបន្តផ្សព្វផ្សាយជូនដំណឹង ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជនបន្តចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងបានអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដែលប្រឈមខ្វះទឹកស្រោចស្រព នៅតាមបណ្តាខេត្តចំនួន១៤ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕

