ព័ត៌មានជាតិ

លោក ឃួង ស្រេង ចូលរួមកិច្ចប្រជុំ AIMF ពិភាក្សាលើសមាសភាព ការជ្រើសរើសលេខាធិការអចិន្ត្រៃយ៍

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញក្នុងកិច្ចប្រជុំ ការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយសមាជិកសហគមន៍អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដឹកនាំដោយ លោកស្រី អាន អ៊ុដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម ដើម្បីពិភាក្សាលើសមាសភាព ជ្រើសរើសលេខាធិការអចិន្ត្រៃយ៍បន្ទាប់នៃសមាគម AIMF ដែលគ្រោងនឹងធ្វើនៅទីក្រុងឡូហ្សាន ប្រទេសស្វីស នាថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

កិច្ចប្រជុំនេះបានពិភាក្សាសំខាន់ លើសមាសភាពនៃការជ្រើសរើសលេខាធិការអចិន្ត្រៃយ៍ (AIMF) ដែលមានបេក្ខជនចំនួន៥រូប ហើយឥស្សរជនទាំង៥រូបនេះ សុទ្ធតែជាធនធានមនុស្ស ដែលមានសមត្ថភាពខ្លាំងក្លា ក្នុងការជួយដឹកនាំទ្រទ្រង់ (AIMF) ឲ្យកាន់តែមានភាពរឹងមាំ ។ ក្នុងចំណោមឥស្សរជនទាំង៥រូបនេះ ត្រូវជ្រើសរើសតែមួយរូបប៉ុណ្ណោះ ជំនួសលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) ដែលត្រូវចូលនិវត្តន៍។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា “ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ យើងខ្ញុំពិតជាមានភាពជឿជាក់ចំពោះ លោកស្រីអាន អ៊ុដាល់ហ្គោ (Anne HIDALGO) អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ក្នុងការជ្រើសរើស លេខាធិការអចិន្ត្រៃយ៍ ជំនួសលោក ព្យែរ ប៊ៃយ៉េដែលចូលនិវត្តន៍”។

សូមបញ្ជាក់ថា សមាគមអន្តរជាតិនៃ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ក្រោមគំនិតផ្តួចផ្តើម របស់លោក ហ្សាក់ ហ្សីរ៉ាក (Jacques CHIRAC) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដែលកាលនោះ លោកជាអភិបាលក្រុងប៉ារីស (Paris) ប្រទេសបារាំង និងលោក ហ្សង់ ប៉េលឺធៀ (Jean – PELLETIER) អតីតអភិបាលក្រុងកេបក (Québec) ប្រទេសកាណាដា។ សមាគមនេះមានសមាជិកចំនួន៣០៧ មកពី៥២ ប្រទេស (ស្មើនឹងប្រជាជនសរុបប្រមាណ ១៣០ លាននាក់) ។ ប្រធានសមាគមបច្ចុប្បន្ននេះ គឺលោកស្រី អាន អ៊ុដាល់ហ្គោ (Anne HIDALGO) និងជាអភិបាលទីក្រុងប៉ារីសនិង លោក ព្យែរ ប៊ែយ៉េ ជាលេខាធិការអចិន្ត្រៃយ៍។

សមាគម AIMF ដែលជាសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង គឺជាប្រតិបត្តិករប្រើប្រាស់ភាសាបារាំង រវាងទីក្រុងផ្សេងៗ ដូចជាសមាជិក ដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយដែលទាក់ទងទៅនឹងសាមគ្គីភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រ ទៅដល់សកម្មភាពជាក់ស្ដែងនៅតាមទីក្រុង ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ហើយក៏មានផ្នែកមួយទៀតទាក់ទងទៅនឹងការពង្រឹង កសាងសមត្ថភាពក្នុងការពិភាក្សាគ្នា ជាពិសេសបញ្ជូនសារ ទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូលតែម្ដង។

គួររំលឹកថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ថ្មីៗ កន្លងមកនេះ គណៈប្រតិភូ AIMF ខណៈមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ បានសម្ពោធសមិទ្ធផលនៃគម្រោងនានា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ក្នុងនោះ មានស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជាហិរញ្ញប្បទានរួម រវាងរដ្ឋបាលរាជធានីភ្នំពេញ, សមាគម AIMF, រដ្ឋបាលរដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុង ប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ៕

To Top