ព័ត៌មានជាតិ

KOICA កូរ៉េ ផ្តល់ជំនួយលើវិស័យ សុខាភិបាល មករាជធានីភ្នំពេញ តាមរយៈការកសាង មន្ទីរពេទ្យបង្អែកដង្កោ

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ បានសម្រេចផ្តល់ជំនួយ លើវិស័យសុខាភិបាល មករាជធានីភ្នំពេញ ដោយជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីលើកកម្ពស់សេវាសុខាភិបាល សាធារណៈ ជូនប្រជាពលរដ្ឋកម្ពុជា ពិសេសពលរដ្ឋ នៅខណ្ឌដង្កោតែម្តង។

ពិធីចុះហត្ថលេខាលើ កំណត់ហេតុកិច្ចប្រជុំពិភាក្សា ស្តីពី «គម្រោងលើកកម្ពស់ សេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ» រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃ៥ មេសា នៅសាលារាជធានីភ្នំពេញ រវាងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោកស្រីYung Yeon SHIN អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉ (KOICA) ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានលើកឡើងថា ការសម្រេចឱ្យមានកាសាងសង់ មន្ទីរពេទ្យបង្អែកដង្កោ ក្រោមការជួយឧបត្ដមពី KOICA គឺជាសក្ខីភាពបង្ហាញ ពីការយកចិត្តទុកដាក់ ពីរដ្ឋាភិបាល និងប្រជាជនកូរ៉េ ក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជាឲ្យរីកចម្រើន ហើយនេះក៏បង្ហាញឲ្យឃើញពីការរឹតចំណងសាគ្គីភាព ទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំផងដែរ ។

លោក ឃួង ស្រេង បន្តថា ការសម្រេចជ្រើសរើសយកខណ្ឌដង្កោ ដើម្បីសាងសង់មន្ទីរពេទ្យបង្អែកនេះ គឺដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានមើលឃើញថា ទីតាំងនេះល្អ មានរោងចក្រ សហគ្រាស កម្មករ និងប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាច្រើននៅទីនេះ ហើយនៅឆ្នាំ២០២៥ខាងមុខ ព្រលានយន្តហោះថ្មី នៅក្បែរទីតាំងនេះក៏នឹង ត្រូវបើកដំណើរការផងដែរ ដែលធ្វើឲ្យតំបន់នេះ ពោពេញទៅដោយមនុស្សរស់នៅច្រើន ខណៈខណ្ឌដង្កោមានតែមន្ទីរពេទ្យថ្នាក់ជាតិ តែមួយសម្រាប់ព្យាបាលជម្ងឺមហារីក។

លោកស្រីYung Yeon SHIN បានក៏បានលើកឡើងផងដែរថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ បានបង្កើតឡើង នៅកម្ពុជាក្នុងឆ្នាំ២០០៣ បានជួយកម្ពុជាចំនួន១៣គម្រោងហើយ ដែលមានទឹកប្រាក់ប្រមាណ ៨៣លានដុល្លារ ហើយគម្រោងសាងសង់អគារមន្ទីរពេទ្យកុមារជាតិ នៅក្នុងឆ្នាំ២០០៥ ក៏ស្ថិតក្នុងគម្រោងនេះផងដែរ ។ សំរាប់ការជួយសាងសង់មន្ទីរពេទ្យបង្អែកដង្កោនេះ គឺជាគម្រោងទី១៤របស់ KOICA ដើម្បីលើកកម្ពស់ សេវាសុខាភិបាលសាធារណៈ ជូនពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើង ៕

To Top