ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី បានថ្លែងបញ្ជាក់ប្រាប់ប្រធានរដ្ឋសភាវៀតណាម អំពីគោលដៅអាទិភាពចំនួនពីរ របស់សម្តេចក្នុងតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ។
ការបញ្ជាក់របស់សម្ដេចតេជោ ធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូ ជាមួយលោក វឿង ឌិញវ៉េ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះលោក វឿង ឌិញវ៉េ បានអបអរសាទរ និងកោតសរសើរ សម្តេចតេជោ ដែលត្រូវបានកិច្ចប្រជុំដំបូងនៃព្រឹទ្ធសភា បោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដែលជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតរបស់សម្តេច។
ប្រធានរដ្ឋសភាវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងការនាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់កម្ពុជាក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ លោកក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល សភា និងប្រជាជន នៃប្រទេសទាំងពីរ។
ជាមួយគ្នានោះសម្តេចតេជោ បានលើកឡើងពីចំនួនភ្ញៀវទេសចរវៀតណាមមកកាន់ប្រទេសកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានឈរនៅលំដាប់ទី១ និង ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅត្រីមាសទី១ ឆ្នាំ២០២៤ ដែល ងើបខ្ពស់បន្តិច រីឯប្រាក់ចំណូលជាតិមានកម្រិតខ្ពស់ជាងនៅឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យរាជរដ្ឋភិបាលកម្ពុជា តំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពី គោលដៅអាទិភាពចំនួនពីររបស់សម្តេចក្នុងតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ គឺ៖ «ទី១-ការលើកតម្កើងការទូតសភា ដោយចូលរួមចំណែកជាមួយនឹងរដ្ឋសភា រាជរដ្ឋាភិបាល សំដៅឱ្យមានសង្គតភាពវិស័យការបរទេសទី២-គណនេយ្យភាពចំពោះអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់» ។
ឆ្លៀតក្នុងឱកាសនោះដែរលោក វឿង ឌិញវ៉េ ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញសម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា និងបណ្តាថ្នាក់ដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម តាមពេលវេលាសមស្របនៅក្នុងឆ្នាំ២០២៤នេះ។ ជាការឆ្លើយតបសម្តេចតេជោ បានទទួលការអញ្ជើញរបស់ លោក វឿង ឌិញវ៉េ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នាពេលខាងមុខ ៕