ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ចូលឆ្នាំថ្មី មានអត្ថន័យ លើសពីការជួបជុំ ដ៏សប្បាយរីករាយ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា លើសពីកម្មវិធីជួបជុំ កម្សាន្តសប្បាយ តាមទំនៀមទម្លាប់ប្រពៃណីជាតិ ដែលរាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រៀបចំសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បុណ្យចូលឆ្នាំថ្មី បានឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី៦ មេសា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ជាក់ស្តែង ទី១- រថយន្តក្រុងសាធារណៈរាប់រយគ្រឿងត្រូវបានរៀបចំ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ពីភ្នំពេញទៅស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញ វិញដោយឥតគិតថ្លៃ ។ ក្រៅពីផ្តល់ផលចំណេញយ៉ាងច្រើន ដល់ប្រជាពលរដ្ឋនិងកម្មករ កម្មការិនី ដោយពួកគេមិនបាច់ចំណាយលើថ្លៃធ្វើដំណើរ រថយន្តក្រុងក៏ផ្តល់ជូន នូវការធ្វើដំណើរប្រកបដោយផាសុកភាព និងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវទៀតផង។

ទី២- ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា៥ម៉ឺនរៀលដល់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រីថ្នាក់ក្រោមជាតិ រហូតដល់និវត្តជន និងជនបាត់បង់សម្បទារវិជ្ជាជីវៈទៀតផង។ ការឧបត្ថម្ភនេះ សបញ្ជាក់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះអ្នកខិតខំធ្វើការបម្រើជាតិ និងបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ទី៣- ពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំងថ្មី ក៏ទទួលបានអត្ថប្រយោជន៍ដោយភាគីថៃ មិនយកថ្លៃ សេវាចេញ-ចូល(Re-entry Permit) ចាប់ពីថ្ងៃទី ០១ មេសា ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ ២០២៤ តាមសំណើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះគឺជាការយកចិត្តទុកដាក់ របស់ប្រមុខដឹកនាំ ចំពោះពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។

ទី៤- សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលទើបតែចេញអនុក្រឹត្យ ស្តីពី ការដំឡើងប្រាក់បំណាច់មុខងារជូនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រាក់ឧបត្ថម្ភប្រចាំខែ ដល់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ។ នេះជាកិច្ចខិតខំប្រឹងប្រែងជាប្រចាំ របស់រាជរដ្ឋាភិបាលក្នុងការបង្កើន ជីវភាពអ្នកដែលធ្វើការបម្រើជាតិទាំងអស់ ។

ទី៥- កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលបានប្រកាសឱ្យអនុវត្តជាបន្ទាន់កាលពីចុងខែសីហា ឆ្នាំ២០២៣ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សុទ្ធតែផ្តោតសំខាន់ ទៅលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រនិងងាយរងហានិភ័យ។ នេះជាគោលនយោបាយជួយប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពធូរធារឡើងជាលំដាប់។

ទី៦- ក្នុងយុទ្ធសាស្ត្របញ្ចកោណ គោលដៅដ៏សំខាន់បំផុត របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ​ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ពោលគឺ ជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ មានកិត្យានុភាពខ្ពស់ ប្រជាពលរដ្ឋមានជីវភាពធូរធារ មានចំណេះដឹងនិងសីលធម៌ល្អ រស់នៅក្នុងបរិស្ថានបៃតង បរិយាកាសល្អបរិសុទ្ធ និងទទួលបានការគាំពារគ្រប់យ៉ាងពីសង្គម៕

To Top