ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កម្ពុជា គឺជាប្រទេសតូចមែន តែពិតជាអាចធ្វើបានយ៉ាងល្អ គួរឱ្យមោទនៈ ហើយងើបពីកូវីដ-១៩ ភ្លាម កម្ពុជា មានកំណើនសេដ្ឋកិច្ច ស្ទុះងើបឡើងយ៉ាងលឿនលើសគេក្នុងអាស៊ាន។
តាមរយៈសារតេឡេក្រាម នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោក ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជា ឈរលំដាប់ទី១ ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេសដែលមានកំណើន សេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ ក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៤ ។ នេះគឺជាចំណាត់ថ្នាក់ស្តីពីកំណើន សេដ្ឋកិច្ចដែលចេញផ្សាយ ដោយស្ថាប័ន ស្ថិតិឥណ្ឌូនេស៊ី Seasia stats ដោយយោងលើមូលដ្ឋាន នៃការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
អ្នកនាំពាក្យ បន្ដថា លទ្ធផលបែបនេះ មិនមែនកើតឡើង ដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាផ្លែផ្កា នៃការដាក់ចេញគោលនយោបាយ ការដឹកនាំនិងចាត់ចែងបានល្អ របស់រាជរដ្ឋាភិបាល ដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដោយមិនអាចប្រកែកបាន។ គេនៅចាំបានថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាធ្លាប់មានកំណើនសេដ្ឋកិច្ចខ្ពស់និងថេរក្នុងរង្វង់៧% រយៈពេលរាប់ទសវត្សរ៍។ នេះគឺជាកាលានុវត្តភាពដែលជំរុញ ឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងលឿនរហ័ស បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាព ពេញលេញដោយនយោបាយឈ្នះឈ្នះនាឆ្នាំ១៩៩៨។
អ្នកនាំពាក្យ បន្ថែមថា កូវីដ-១៩ បានចូលមកបង្អាក់និងទាញ ទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក ទាំងមូលយ៉ាងគំហុកដែលគ្មាននរណានឹកស្មានដល់ ។ កម្ពុជាក៏មិនអាចចៀសផុតពីផល ប៉ះពាល់នៃវិបត្តិសុខ ភាពសាធារណៈដ៏មហន្តរាយនេះដែរ។ ប៉ុន្តែ ក្រោមការចាត់ចែងនិងដឹកនាំដ៏ឆ្លាត វៃរបស់ប្រមុខដឹកនាំ ដែលពោរពេញដោយបទពិសោធន៍ រាជរដ្ឋាភិបាលបានកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបជាងទំហំនៃមហន្តរាយពិត និងបានអូសទាញ ប្រទេសនិងប្រជាពលរដ្ឋឱ្យចាកចេញពីកូវីដ-១៩ ជាបណ្តើរៗ បានយ៉ាងឆាប់រហ័សជាងបណ្តាប្រទេសនានា ជាច្រើននៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក។
ទោះបីជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែននៅតែមានឥទ្ធិពលទៅលើសេដ្ឋកិច្ចពិភពលោកក្តី ក៏រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរយ៉ាង ស្វាហាប់ប្រកបដោយ ថាមពលក្លៀវក្លានិងចក្ខុវិស័យយ៉ាងច្បាស់លាស់។ ប្រមុខរាជរដ្ឋាភិបាលវ័យក្មេង របស់កម្ពុជាបាន ប្រកាសដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ប្រកបដោយមហិច្ឆតា ឆ្ពោះទៅសម្រេចគោលដៅ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
ដើម្បីសម្រេចគោលដៅនេះ កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចត្រូវបានប្រកាសឱ្យអនុវត្តជាបន្ទាន់ ដោយគ្រប់ចំណុចទាំងអស់សុទ្ធតែជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។ ទន្ទឹមនឹងនោះ «ការទូតសេដ្ឋកិច្ច»ក៏ជានយោបាយការបរទេសដ៏សំខាន់មួយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីដោយផ្តោតទៅលើការទាក់ ទាញវិនិយោគនិងទេសចរណ៍។ នយោបាយសេដ្ឋកិច្ចទាំង ក្នុងនិងក្រៅប្រទេស ត្រូវបានអនុវត្តយ៉ាងសកម្ម។
អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ថា «សរុបទៅ កម្ពុជាគឺជាប្រទេសតូចមែន តែពិតជាអាចធ្វើបានយ៉ាងល្អ គួរឱ្យមោទនៈ។ ងើបពីកូវីដ-១៩ ភ្លាម កម្ពុជាមានកំណើនសេដ្ឋកិច្ចស្ទុះងើបឡើងយ៉ាងលឿនលើសគេក្នុងអាស៊ាន។ លទ្ធផលដ៏ល្អបែបនេះមិនអាចសម្រេចបានឡើយប្រសិនបើគ្មានថ្នាក់ដឹកនាំខ្លាំងពូកែនិងប្រសិនបើគ្មានគោលនយោបាយត្រឹមត្រូវប្រកបដោយចក្ខុវិស័យច្បាស់លាស់ទេនោះ»៕