ព័ត៌មានជាតិ

វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំប្រជុំកំពូលសាកល ពីបច្ចេកវិទ្យា-សេដ្ឋកិច្ចចិន និងប្រជុំកំពូល សហគ្រិនភាព-សេដ្ឋកិច្ចអាស៊ីឆ្នាំ២០២៤ នៅកម្ពុជា

ភ្នំពេញ ៖ លោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា KSI គ្រោងរៀបចំកម្មវិធីកិច្ចប្រជុំកំពូលសាកលស្តីពី បច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ព្រមទាំងកិច្ចប្រជុំកំពូលស្តីពី សហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី ឆ្នាំ ២០២៤ នៅកម្ពុជា ។

ការលើកឡើងរបស់ លោក តាន់ ស្រ៊ី មីសែល យ៉ាវ នាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នៅថ្ងៃ៨ មេសា ។

ក្នុងឱកាសជំនួប ប្រធានវិទ្យាស្ថាន បានបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

លោកប្រធានវិទ្យាស្ថាន ក៏បានលើកឡើងពីការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ «World Digital Chamber»។ បន្ថែមលើនេះ លោកប្រធានវិទ្យាស្ថាន បានលើលពីការបង្កើត ASEAN Economic Club នៅកម្ពុជា ហើយក្នុងឆ្នាំនេះ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI បានផ្តួចផ្តើមគំនិតស្នើសុំឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២ ៖ កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024 ។ កម្មវិធីទាំង២នេះ គឺជាឱកាសក្នុងការទាក់ទាញវិនិយោគិន ក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក អំពីឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានវិទ្យាស្ថាន ក៏បានគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង២នេះផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងក្ដីសោមនស្ស អំពីការរៀបចំកម្មវិធីទាំងពីរនេះ ដោយសម្តេចធិបតី បានណែនាំឲ្យវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត ។ សម្តេចធិបតី បានទទួលយកការអញ្ជើញ របស់លោកប្រធានវិទ្យាស្ថាន ក្នុងការចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំងពីរនេះ ។ ពាក់ព័ន្ធនឹងការជំរុញការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថល សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល៕

To Top