ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយថ្ងៃ ពោលនាថ្ងៃ៧ មេសា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី ចុះពិនិត្យ មើលខ្សែច្រវ៉ាក់ផលិតកម្មកិនស្រូវ និងការប្រមូលទិញស្រូវ នៅរោងម៉ាស៊ីនកិនស្រូវចំនួន២ ទីតាំង នៅស្រុកកំពង់ត្រឡាច ។
ទីតាំងទាំង២នោះរួមមាន ៖ ១. ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឥណ្ឌូឆាយណា រ៉ាយស៍មីល។ បច្ខុប្បន្ន ក្រៅពីការកិនស្រូវ និងនាំចេញអង្ករ ក្រុមហ៊ុននេះ បានកំពុងនិងធ្វើសង្វាក់ផលិតកម្ម នំបញ្ចុកក្រៀម, គុយទាវ ជាដើម សម្រាប់ផ្គត់ផ្អង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
២. រោងម៉ាស៊ីនកិនស្រូវ KTS ។ យកឱកាសនេះបណ្ឌិត បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងរោងម៉ាស៊ីន បន្តពង្រីកខ្សែច្រវ៉ាក់ផលិតកម្មឲ្យកាន់តែធំ និងគោរពបានតាមស្តង់ដារសុវត្ថិភាព ។
ក្រៅពីចុះពិនិត្យលើផ្នែកស្រូវហើយ លោកបណ្ឌិតក៏បន្តអញ្ជើញ ចុះពិនិត្យមើលកសិដ្ឋាន ចញ្ចឹមគោពូជ នៅស្រុកទឹកផុស ដើម្បីផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក។
បច្ចុប្បន្ន កសិដ្ឋាននេះ មានគោពូជសរុប ជាង៦០០ ក្បាល និងអាចធ្វើការពង្រីក ជាជំហ៊ានបន្តបន្ទាប់លើផ្ទៃដីសរុប ២០០ ហិកតា ។
លោកបណ្ឌិត បន្តលើកទឹកចិត្តឲ្យកសិដ្ឋាន ខិតខំពង្រីកការចញ្ចឹមឲ្យបានកាន់តែច្រើន ដើម្បីធ្វើការផ្គត់ផ្គង់គោពូជបានគ្រប់គ្រាន់ ចូលក្នុងទីផ្សារក្នុងស្រុក។
នៅរសៀលថ្ងៃ ដដែលនេះ លោកបណ្ឌិត កៅ ថាច និងសហការី ក៏បន្តអញ្ជើញចុះពិនិត្យ ការដាំដុះខ្ទឹមស្លឹក នៅហគមន៍អភិវឌ្ឍកសិកម្ម ទឹកហួតជ័យក្តី សង្ឃឹម ដែលមានអស័យដ្ឋានស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហួត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្ន សហគមន៍មានផ្ទៃដីដាំដុះ សរុប ៨៧ហិកតា និងមានសមាជិក១១៥០នាក់។ ផលដំណាំចម្បងរបស់សហគមន៍ គឺដាំស្លឹកខ្ទឹម សម្រាប់ផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក ។
បន្ទាប់មក លោកបណ្ឌិត និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានដាំដុះបន្លែចំរុះ និងម្ទេស ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាលផងដែរ៕