ភ្នំពេញ ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជូនសិក្ខាកាម នៃកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ (សិក្ខាកាមC1) ចុះទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន Khmer Beverages ដើម្បីសិក្សាស្វែងយល់ ពង្រឹងបន្ថែមចំណេះដឹងបច្ចេកទេស និងចង្វាក់ផលិតកម្ម រួមទាំងបច្ចេកទេស ប្រើប្រាស់បរិក្ខារត្រជាក់។
ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ បានដាក់ ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ និងបើកបវេសន កាលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមបាន និងកំពុងសិក្សាជំនាញវិជ្ជាជីវៈវគ្គទី១ បានជាង៣ខែដោយរលូន ។ គ្រឹះស្ថានបណ្តុះបណ្តាលមួយចំនួនបានចាប់ផ្តើមឱ្យសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សា និងទស្សនកិច្ចសិក្សា នៅតាមក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព បន្ទាប់សិក្សាទ្រឹស្តីក្នុងថ្នាក់ និងអនុវត្តនៅតាមរោងជាង បន្ទប់ពិសោធន៍ ទៅតាមម៉ូឌុលនិមួយៗរួចមក ។
នាយកវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈលោក យ៉ោក សុទ្ធី បានលើកឡើងថា ៖«វិទ្យាស្ថានបានបញ្ជូនសិក្ខាកាម ដែលកំពុងសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ១,៥ លាននាក់ ដើម្បីមានឱកាសចុះទស្សនកិច្ចសិក្សា ជាមួយក្រុមហ៊ុន Khmer Beverages កាលពីពេលថ្មីៗនេះ» ។
លោកនាយកវិទ្យាស្ថានបានគូសបញ្ជាក់ថា សម្រាប់សិក្ខាកាមដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ការចុះទស្សនកិច្ចសិក្សាគឺមានសារសំខាន់ណាស់ ក្នុងការសិក្សាស្វែងយល់ចំណេះដឹងបច្ចេកទេស ពីក្រុមហ៊ុនដែលពោរពេញ ទៅដោយបច្ចេកវិទ្យាទំនើបៗ និងសម្ភារៈសម្បូរបែប ជាពិសេសសិក្ខាកាម អាចស្វែងយល់បន្ថែមពីចង្វាក់ ផលិតកម្មរបស់រោងចក្រ ពិសេសពីបរិយាកាស ទីផ្សារការងារ ដែលទាំងនេះមានសារសំខាន់ ដែលនឹងផ្តល់អត្ថប្រយោជន៍ សម្រាប់យុវជនដែលកំពុង ក៏ដូចជាមានបំណងសិក្សា ជំនាញបច្ចេកទេស ។
លោកបន្ថែមថា ទស្សនកិច្ចសិក្សា ឬការបញ្ជូនឲ្យទៅហត្ថការ នៅតាមក្រុមហ៊ុនឯកជន នេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពជំនាញពិតៗ បន្ទាប់ពីសិក្សាទ្រឹស្តី នៅក្នុងថ្នាក់ ការអនុវត្តផ្ទាល់ក្នុងថ្នាក់ សម្រាប់សិក្ខាកាមសិក្សា ក្នុងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ១,៥ លាននាក់ ។
ទន្ទឹមនឹងនេះលោក បានលើកឡើងថា សម្រាប់វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តកិច្ចសហការ ជាមួយបណ្តាក្រុមហ៊ុនឯកជននានាដើម្បីបញ្ជូនសិក្ខាកាម បានចុះកម្មសិក្សា ទស្សនកិច្ចសិក្សា នាពេលខាងមុខទៀត ដើម្បីឱ្យយុវជន ស្វែងយល់អំពីចំណេះដឹងថ្មីៗ ក៏ដូចជាពង្រឹកសមត្ថភាព របស់សិក្ខាកាមក្នុងអំឡុង ពេលសិក្សាជំនាញផងដែរ៕