ព័ត៌មានជាតិ

លោក កើត សារ៉ាយ ត្រូវបានតុលាការចោទប្រកាន់ ពីបទល្មើសមិនរាងចាល

ភ្នំពេញ ៖ លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ក្រោយពីការចាប់ខ្លួនកាលពីល្ងាចថ្ងៃ៥ មេសា រួចមកនៅថ្ងៃ៧ មេសា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ លើលោក កើត សារ៉ាយ ភេទប្រុស និងគូកន ពីបទល្មើសមិនរាងចាល ក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទល្មើសញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាម មាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក កើត សារ៉ាយនិងគូកន ត្រូវបានតុលាការអះអាងថា បានរៀបចំផែនការអូសទាញ ប្រជាពលរដ្ឋឲ្យប្រព្រឹត្ត អំពើកាប់ទន្ទ្រាន កាន់កាប់ដីខុសច្បាប់ និងចេញតតាំងប្រឆាំង ដោយហិង្សាជាមួយអាជ្ញាធរ នៅខេត្តព្រះវិហារ ហើយបានធ្វើការផ្សព្វផ្សាយព័ត៌មាន មិនពិតជាសាធារណៈ ក្នុងចេតនាបញ្ឆះកំហឹង ប្រជាពលរដ្ឋឲ្យមានការថ្នាំងថ្នាក់ ជាមួយរាជរដ្ឋាភិបាល ។

សូមរំលឹកថា ជនសង្ស័យឈ្មោះ កើត សារ៉ាយ ធ្លាប់ត្រូវបានផ្តន្ទាទោសម្តងរួចមកហើយ ពីបទល្មើសញុះញង់ បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីឆ្នាំ២០២១៕

To Top