ភ្នំពេញ ៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០២៤នេះ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនានា ដែលស្ថិតនៅក្រោម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រារព្ធកម្មវិធីបុណ្យសង្ក្រាន្ត ប្រចាំសាលារបស់ខ្លួន ជាបន្តបន្ទាប់ចាប់តាំងពី ថ្ងៃទី២៣ ខែមីនា ២០២៤ ។

ការរៀបចំកម្មវិធីបុណ្យ សង្ក្រាន្តរបស់វិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេសនេះ គឺក្នុងគោលបំណង បង្កើនភាពសប្បាយរីករាយ,បង្កើនភាពស្និទ្ធស្នាល, សាមគ្គីភាព រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងដៃគូសហការ និង ជាពិសេសនោះ រក្សាបាននូវវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ៍រួមមានវាយក្អម ទាញព្រ័ត្រ ញ៉ាំប៉ិគក់ រាំទូលក្អម និងកម្មវិធីផ្សេងៗទៀតជាច្រើនផងដែរ។

នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជិន តារ៉ា បានលើកឡើងថា វិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម តែងតែធ្វើពិធីសង្ក្រាន្តជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២ រហូតមកក្រោមប្រធានបទផ្សេងៗគ្នាៗ ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្តថា នៅឆ្នាំ២០២៤នេះ វិទ្យាស្ថានបានប្រារព្ធពិធីសង្ក្រាន្តកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានរៀបចំសង្ក្រាន្តវិទ្យាស្ថានយើងក្រោមប្រធានបទ “លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទាំងអស់គ្នា” ដោយ វិទ្យាស្ថានបានសហការជាមួយជនបង្គោលយុវជនក្រុម១៨ យុវជនស.ស.យ.ក. ក្រុមហ៊ុនដៃគូ រៀមច្បង ដែលបានចូលនិវត្តន៍ តំណាងសមាគមសហព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សិស្ស C1 1.5M និងនិស្សិតវិទ្យាស្ថាន ប្រមាណ ៥០០នាក់ ។

ចំពោះវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (ITTI) ក៏បានប្រារព្ធពិធីសង្ក្រាន្ត កាលពីពេលថ្មីៗរួចហើយដែរ ដោយមានកិច្ចសហការពីក្រុមហ៊ុនដៃគូ អង្គការ និងការសាមគ្គីគ្នាពីសំណាក់ ក្រុមយុវជនរបស់វិទ្យាស្ថាន ផ្ទាល់ ។ កម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថានធ្វើឡើង ស្របទៅតាមទំនៀម ទម្លាប់ប្រពៃណីរបស់ខ្មែរ ដោយមានការលេងល្បែងប្រជាប្រិយ និងកម្មវិធីបែបប្រពៃណីជាច្រើនផងដែរ ។

នាយកវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក យ៉ោក សុទ្ធី បានលើកឡើងថា វិទ្យាស្ថានបានរៀបចំបុណ្យ សង្ក្រាន្តកាលពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដែលមានសិស្សានុសិស្ស តំណាងអង្គការ ក្រុមហ៊ុនដៃគូ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត បានចូលរួមយ៉ាងច្រើនកុះករ ។

ទន្ទឹមនេះ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងបណ្តាវិទ្យាស្ថានផ្សេងៗទៀត នៅទូទាំងប្រទេសក៏នឹងមានការរៀបចំ ធ្វើពិធីសង្ក្រាន្តប្រចាំឆ្នាំ របស់ខ្លួនជាបន្តបន្ទាប់ផងដែរ ៕


