ព័ត៌មានជាតិ

ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីក ការវិនិយោគ​នៅកម្ពុជា

ភ្នំពេញ ៖​ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ដែលជាក្រុមហ៊ុនកែច្នៃគ្រឿងសមុទ្រ ដើម្បីនាំចេញ​ បានប្រាប់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថាក្រុមហ៊ុនរបស់ខ្លួន​ មានបំណងក្នុងការវិនិយោគបន្ថែមទៀត​ នៅកម្ពុជា​ ។

ការលេីកឡេីង របស់ក្រុមហ៊ុនខាងលេីនេះ​ ធ្វេីឡេីងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ​ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគ​ របស់ក្រុមហ៊ុន Sunwah Group ក្នុងព្រះរាជាណាចក្រកម្ពុជា​ ចាប់តាំងពីឆ្នាំ១៩៩៤ ជាពិសេសការបង្កើតរោងចក្រ​ កែច្នៃគ្រឿងសមុទ្រ ដើម្បីនាំចេញទៅទីផ្សារបរទេស។

បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ក្នុងដំណើរទស្សនកិច្ចរបស់រូបលោក និងសហការីនាឱកាសនេះ មានតំណាងក្រុមហ៊ុនវិនិយោគប្រមាណជាង៧០ក្រុមហ៊ុន ដែលមានអាជីវកម្ម​ ក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។

ជាងនេះទៅទៀត លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញបំណងក្នុងការវិនិយោគបន្ថែមទៀត​ លើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍​ តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើង​ ស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយ​ បណ្តាញទូរគមនាគមន៍ 5G។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារ​ ជាមួយលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបានអរគុណ​ ចំពោះចំណាប់អារម្មណ៍ និង ការវិនិយោគរបស់ក្រុមហ៊ុន និងសម្តែងនូវក្តីសោមនស្ស​ ចំពោះផែនការវិនិយោគបន្ថែម​ របស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងការបង្ហាញបំណងវិនិយោគ​ លើវិស័យមួយចំនួន ដែលក្រុមហ៊ុន​ បានរៀបរាប់ខាងលើ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជានីតិកាលមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់​ ក្នុង​ការជំរុញ កំណើនសេដ្ឋកិច្ច ដើម្បីលើកកម្ពស់​ នូវជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការប្តេជ្ញាចិត្តនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងរក្សាបាននូភាពធន់ ហើយសម្រេចបានកំណើន សេដ្ឋកិច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និងត្រូវបានព្យាករណ៍ថានឹងកើនឡើង ក្នុងអត្រា ៦,៦% នៅឆ្នាំ២០២៤។

ទន្ទឹមនោះ ដើម្បីធានាបាននូវបរិយាកាស​ នៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជា​ បានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិនផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាផ្លូវលឿន និងកំពង់ផែទឹកជ្រៅ និងបានដាក់ចេញ​ នូវគំនិតផ្តួចផ្តើមថ្មីៗ​ជាច្រើនទៀត ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយុទ្ធសាស្រ្តប្រទេសបូក ( Plus-One Strategy)។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគ​ អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង និងគម្រោងវិនិយោគ​ លើយានយន្តអគ្គិសនី EV, សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុន​ ពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ជាដើម។

សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ បានយកចិត្តទុកដាក់​ ក្នុងការប្រើប្រាស់ថាមពលស្អាត ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុងបន្តជំរុញ​ការប្រើប្រាស់​ ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវគោលនយោបាយ​ គាំទ្រវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកដោយបានបង្កើត ក្រុមប្រឹក្សាភិបាល​ សិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីផ្តល់សេវាកម្មទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ដោយឡែក ចំពោះចំណាប់អារម្មណ៍​ លើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន​ ពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្ថែមទៀត៕

To Top