ភ្នំពេញ ៖ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំកម្ពុជា បានបង្ហាញការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំសម្រេចបានសមិទ្ធផលល្អប្រសើរ ជាពិសេសការកាត់បន្ថយភាពក្រីក្រ។
ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន នាឱកាសដឹកនាំសហការីចូលជួបសម្ដែងការគួរសមជាមួយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានចាត់ទុកជំនួបនេះថាជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប៉ាគីស្ថាន និងក្រសួងមហាផ្ទៃកម្ពុជា ទាំងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ពិសេសការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប៉ាគីស្ថាន និងកម្ពុជា ជាពិសេស។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានអបអរសាទរប៉ាគីស្ថានដែលរៀបចំការបោះឆ្នោតដោយរលូន និងជោគជ័យ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងអបអរសាទរជូន លោក Shehbaz Sharif ដែលទទួលការផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្រ្តីប៉ាគីស្ថាន ដោយបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ដែលប្រសូតឡើងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ប៉ាគីស្ថាននឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ។
លោក Zaheeruddin Babar Thaheem បានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ជាលើកចុងក្រោយ មុននឹងត្រូវបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។ លោក ជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងបន្ថែមទៀត។
ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលខិតខំសម្រេចបានសមិទ្ធផលល្អប្រសើរ ជាពិសេសការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនផ្សេងៗរួមមានអំពើជួញដូរមនុស្ស គ្រឿងញៀន និងអំពើឆបោក៕