ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្ត ដល់គ្រួសារណា មានលទ្ធភាព គួរយកកូនបន្ថែម ដើម្បីទប់ស្កាត់កង្វះកម្លាំង ពលកម្មមនុស្សពេញវ័យ

ភ្នំពេញ ៖ យោងតាមរបាយការណ៍ និងការព្យាករណ៍ តាមរយៈក្រសួងផែនការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ទៅថ្ងៃខាងមុខ អាត្រាប្រជាជនវ័យជំទង់ទាបជាងវ័យជរា ឬមនុស្សចាស់ ដែលកត្តានេះអាចនឹងធ្វើឲ្យកម្ពុជា ជួបផលប៉ះពាល់ដល់អាត្រាកង្វះខាត ធនធានកម្លាំងពលកម្មមនុស្សពេញវ័យ ការណ៍នេះហើយ ទើបបានជាសម្តេចបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានធនធានគ្រប់គ្រាន់ គួរបន្តយកកូនបន្ថែមទៀត ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នាថ្ងៃទី៩ មេសា សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំក៏សូមលើកទឹកចិត្តដល់គូស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើន ដើម្បីជៀសវាងបញ្ហាកង្វះពលកម្ម”

ជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា “នៅក្នុងឆ្នាំ២០៥០ ហើយចាប់ផ្តើមជាបណ្តើរៗយើងឃើញថា មានការថយចុះ ចឹងជាថ្មីម្តងទៀត ទោះបីជាការព្យាករណ៍ ផ្អែកទៅលើទិន្នន័យនៃការជំរឿននេះ គិតថា យើងមិនទាន់មានជាបញ្ហា ចោទនៅឆ្នាំ២០៥០ ប៉ុន្តែយើងឃើញសញ្ញា នៃការថយចុះ គម្លាតរវាងអ្នកដែលមានអាយុចាស់ លើសកម្លាំងកណ្តាល នៃអ្នកដែលពេញកម្លាំងនេះ គឺចាប់ផ្តើមកើន ហើយប្រសិនបើអាត្រា នៃកំណើតកាន់តែថយទៀត យើងអាចមានបញ្ហាប្រឈម” ។

យ៉ាងណាម៉េច ក្នុងសន្ទរកថារបស់សម្តេចនាឱកាសនេះ សម្តេចក៏បានរំលឹកឲ្យពលរដ្ឋគួរយកកូនបន្ថែមនាអំឡុងពេលនេះ រហូតមុនឆ្នាំ២០៥០ ខណៈនៅឆ្នាំ២០៥០ អាចជាឆ្នាំដែលមានការចំណាយខ្ពស់ ពិបាកក្នុងការផ្គត់ផ្គង់ ឬយកកូនច្រើន ។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “មានកូនឥឡូវស្រួលជាង មានកូននៅឆ្នាំ២០៥០ ។ ២០៥០ ការចិញ្ចឹមកូន តម្លៃនៃការចិញ្ចឹមកូន និងការធានាចិញ្ចឹមកូន គឺខុសពីឥឡូវ ទាំងផ្នត់គំនិតរបស់ប្រជាជនផង”៕

To Top