ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសដឹកនាំ កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃទី៨ មេសា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តផ្តាំផ្ញើសារទៅកាន់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសអំពីការពិសារជាតិខ្លាញ់ ស្ករ និងអំបិល បន្តិចបន្តួចបានហើយ ដើម្បីសុខភាពល្អអាយុយឺនយូរ ទៅថ្ងៃអនាគត។

សាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានបន្តលើកឡើង អំពីការបន្តផ្សព្វផ្សាយសារអប់រំ វិដេអូអប់រំសុខភាពផ្សេងៗឲ្យបានច្រើន និងទូលំទូលាយ ព្រមទាំងទាន់សភាពការណ៍ ជាជាក់ស្តែង ទាក់ទងទៅសុខភាពអំពីជាតិខ្លាញ់ ស្ករ និងអំបិលាដើម ដើម្បីសុខភាពល្អអាយុយឺនយូរ ក៏ដូចជាសារអំពីវិធានបង្ការ និងការពារសុខភាពករណីការឡើងកំដៅ នៃការប្រែប្រួលអកាសធាតុ ករណីជំងឺឆ្លងផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានស្នើសុំឲ្យ ថ្នាក់ដឹកនាំនៅតាមអង្គភាពក្រោមឱវាទ ត្រូវអនុវត្ត និងការរៀបចំផែនការសម្រាប់អភិវឌ្ឍវិស័យសុខាភិបាល ដោយឈរលើគោលការណ៍ កុំយឺតយ៉ាវ កុំបណ្តែតបណ្តោយ កុំស្តាប់ពាក្យចចាមអារ៉ាមមិនត្រឹមត្រូវ និងត្រូវក្លាហាន ទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤ ដែលបានយកចិត្តទុកដាក់ក្នុងការ បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលល្អជាច្រើន ដែលបង្ហាញឲ្យឃើញពី កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមអង្គភាពសុខាភិបាលទាំងអស់ ត្រូវបន្តសហការគ្នា សាមគ្គីភាព អនុវត្តការងារបានត្រឹមត្រូវ ដោយឈរលើគោលការណ៍សកម្មភាព ដោះស្រាយបញ្ហា ឆ្លើយតប បុរេសកម្ម និងនវានុវត្តន៍ ៕





