ព័ត៌មានជាតិ

សម្តេចធិបតី ទទួលយកសំណើរដ្ឋមន្ត្រីផែនការ សុំពង្រីកទីតាំងក្រសួងទុកសិន ខណៈរដ្ឋមន្ត្រីថាទីតាំងតូចចង្អៀត និងពិបាកចតយានយន្ត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលយកសំណើររបស់ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែន លើការស្នើសុំពង្រីកទីតាំង ទុកមួយដុំសិន ដោយមិនទាន់ឆ្លើយតបបែបណានៅឡើយ ខណៈរដ្ឋមន្ត្រីលើកថា មន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងមានការលំបាក អំពីទីតាំងចំណតរថយន្តនិងម៉ូតូ ក៏ដូចជាការិយាល័យធ្វើការ ស្របពេលដែលក្រសួងមានទីតាំងល្អនៅចំកណ្តាលក្រុង ប៉ុន្តែតូចចង្អៀត ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នាថ្ងៃទី៩ មេសា លោក ប៊ិន ត្រឈៃ បានលើកជាបញ្ហាប្រឈមមួយចំនួន ជម្រាបជូនទៅសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីកំណើនមន្ត្រីអនុវត្តការងារកាន់តែកើន ស្របពេលដែលទីតាំងក្រសួងផែនការ មានស្ថានភាពតូចចង្អៀត ។

លោក ប៊ិន ត្រឈៃ បានលើកឡើងថា “មន្ត្រីរាជការ និងថ្នាក់ដឹកនាំ នៃក្រសួងផែនការ ពិតជាមានការលំបាកអំពីទីតាំង ចំណតរថយន្ត និងម៉ូតូ ក៏ដូចជាការិយាល័យធ្វើការ ក្រសួងផែនការ មានទីតាំងល្អ ចំណុចល្អកណ្តាលក្រុងភ្នំពេញ ប៉ុន្តែមានទីតាំងតូចចង្អៀត ដែលមានការលំបាកក្នុងការពង្រីក ។ ការត្អូញត្អែលរបស់មន្ត្រីរាជការ ពិតជាបានជះឥទ្ធិពល មិនសូវល្អដល់សតិអារម្មណ៍របស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្តកំណែរទម្រង់រដ្ឋបាលសាធារណៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ និងស្ថាប័ន” ។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា “ខ្ញុំបាទមិនមានបំណងត្អូញត្អែល និងដាក់បន្ទុកបន្ថែមដល់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនោះទេ គ្រាន់តែជាការគិតគូ សម្រាប់អនាគត ក្នុងករណីរាជរដ្ឋាភិបាលមានលទ្ធភាព ពង្រឹងទីតាំងរដ្ឋបាលសាធារណៈ ខ្ញុំសូមគោរពស្នើសុំសម្តេចធិបតី មេត្តាគិតគូដល់ក្រសួងផែនការ ដែលជាអតិភាពមួយផងដែរ ដែលជាក្រសួងខួរក្បាលគិតគូអំពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិយើងទាំងមូល”។

ជាការឆ្លើយតប សម្តេចធិបតី បញ្ជាក់ទៅកាន់រដ្ឋមន្ត្រីវិញថា សំណើរនេះ ត្រូវបានសម្តេចទទួលយកមកទុក ហើយនឹងពិចារណាតាមក្រោយ ខណៈសម្តេចទទួលស្គាល់ថា ក្រសួងពិតជាជួបការលំបាក ក្នុងការចតយាន្តយន្តរបស់មន្ត្រីអនុវត្តការងារ នៃក្រសួងផែនការពិតមែន ស្របពេលរាជរដ្ឋាភិបាល ត្រូវការគិតគូឲ្យល្អិតល្អមុននឹងសម្រេចចិត្ត ។

សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំទទួលសំណើ តែខ្ញុំមិនទាន់ឆ្លើយទេ” ៕

To Top