ភ្នំពេញ៖ ក្នុងរយៈពេល៦ខែចុងក្រោយនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារ និងអាចបង្កើតការងារចំនួន១៨០ ២២៥កន្លែង។ បើប្រៀបធៀបរយៈពេល៦ខែដូចគ្នា ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការកើនឡើងចំនួន ៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣១០០លានដុល្លារ។ នេះជាខ្លឹមសារក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។ នៅថ្ងៃ៨ មេសា ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការវិនិយោគ ពិសេសនីតិវិធីនៃការអនុវត្តច្បាប់-លិខិតបទដ្ឋានពាក់ព័ន្ធ នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការលើកទឹកចិត្តវិនិយោគ ។
ក្នុងសុន្ទរកថាគន្លឹះរបស់ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការប្រើប្រាស់សំឡេងតែមួយរួមគ្នា ក្នុងការទាក់ទាញវិនិយោគិន ដោយត្រូវលើកបង្ហាញឲ្យបានគ្រប់ជ្រុងជ្រោយ អំពីសក្ដានុពលដែលកម្ពុជាមានដូចជា សុខសន្តិភាព,ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, ស្ថិរភាពអត្រាប្ដូរប្រាក់, មូលធនមនុស្ស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ភាពបើកចំហរនៃច្បាប់វិនិយោគជូនដល់វិនិយោគិន, ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាល និងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហា ប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម ៕