ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ៖ ការប្រែប្រួលអាកាសធាតុ នឹងនៅជាមួយយើងរហូត មិនអាចថយក្រោយវិញទេ

ភ្នំពេញ ៖ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបម្រែបម្រួលអាកាសធាតុ នឹងនៅជាមួយប្រជាពលរដ្ឋ ជារៀងរហូត ដោយពុំមានការថយ ក្រោយវិញបានទេ ។

ការលើកឡើងរបស់លោកនេះ ក្នុងសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា នាថ្ងៃទី៩ មេសា នៅសាលាខេត្ដសៀមរាប ។

លោកបន្តថា ការបម្រែបម្រួលអាកាសធាតុ ពលរដ្ឋនឹងត្រូវជួបប្រទះ គឺមិនអាចថមថយឡើងវិញបានទេ តែអ្វីដែលត្រូវធ្វើនោះ គឺត្រូវបន្សំជាមួយនឹង ការបម្រែបម្រួលអាកាសធាតុ ព្យាយាមកាត់បន្ថយជីវៈឧស្ម័ន និងជំរុញឲ្យមានការយល់ដឹង ពីបញ្ហាបម្រែបម្រួលអាកាសធាតុ។

លោកបញ្ជាក់ ការប្រែប្រួលអាកាសធាតុមិនមែន បណ្ដាលមកពីការកាប់ព្រៃឈើនោះទេ គឺមកពីការកើនឡើង មកពីបណ្ដាលប្រទេសធំៗ ដែលមានការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ ដោយសាយភាយ ទៅលើភពផែនដី ព្រមទាំងការដុតផូស៊ីលចេញពីប្រទេសឧស្សាហកម្មធំៗជាដើម។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងទៀតថា ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឲ្យដីល្អ និងរក្សាបានទឹកក្រោមដី ជាជម្រកសត្វព្រៃដ៏សំខាន់ ។ លោកថា ព្រៃឈើក៏មានសារៈសំខាន់បន្ថែមទៀត ទៅលើការស្រូបកាបូន ជាពិសេសព្រៃឈើបានផ្ដល់សម្រស់ដ៏ស្រស់ត្រកាល និងទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងបំផុត។

លោកបន្តថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានដាក់គោលដៅទៅលើការដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឲ្យបានគម្របព្រៃឈើ៦០% ដើម្បីឲ្យក្លាយទៅជាប្រទេស ដែលមានអព្យាក្រឹតកាបូន ។ ដើម្បីសម្រេចបានគោលដៅ របស់រដ្ឋាភិបាលអាណត្តិថ្មីនេះ ដំណាក់កាលទី១ គឺត្រូវដាំដើមឈើឡើងវិញ , ទី២ ត្រូវការពារព្រៃឈើ និងទី៣ ជួយដល់សហគមន៍ ឲ្យពួកគាត់មានជីវភាពល្អប្រសើរ និងឲ្យពួកគាត់បានស្វែង យល់ពីអត្ថប្រយោជន៍ នៃព្រៃឈើ ដើម្បីកុំឲ្យ យាយីព្រៃឈើតទៅទៀត។

ជាមួយគ្នាដែរ លោកបញ្ជាក់ទៀតថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានគិតគូរបន្ថែមទៀត ទៅលើការរក្សាឲ្យបានការមិនប្រើប្រាស់ប្លាស្ទិក ដោយលោករដ្ឋមន្ត្រី បានដាក់ចេញគោលដៅ ក៏ដូចជាយុទ្ធនាការកាត់បន្ថយប្លាស្ទិក ដោយមានពាក្យស្លោកថា “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក” ។

លោក ជួប ប៉ារីស៍ ឲ្យដឹងទៀតថា នៅតាមបណ្ដាសាលាផ្សេងៗគឺបានអនុវត្តស្ទើតែ១០០% ទៅលើយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក” ហើយជាគោលដៅបន្ទាប់ទៀត លោកមានគម្រោងបញ្ជ្រាបចំណេះដឹងទាំងនេះទៅដល់កម្មកររោងចក្រសហគ្រាសតូចធំ និងសាធារណជនផ្សេងទៀត ដើម្បីឲ្យពួកគាត់បានយល់ដឹង ពីផលប៉ះពាល់នៃការប្រើថង់ប្លាស្ទិក៕

To Top