កំពង់ចាម ៖ មន្ត្រីរាជការវិស័យអប់រំ និងវិស័យសុខាភិបាល ចំនួនជាង ៧០០ នាក់មកពីខេត្តចំនួន ៧ ដើម្បីចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្រ្តអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលពិធីនេះប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៤ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រុមអធិបតីភាព លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំ ក្រសួងមុខងារ សាធារណៈ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីការដាក់ ឱ្យអនុវត្តការវាយតម្លៃ របស់គណៈកម្មការ វាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈ ក្នុងឆ្នាំ២០១៨ ខេត្តកំពង់ចាម បានបញ្ជូនបេក្ខភាពមន្ទីរពេទ្យបង្អែកចំនួន៥ (មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម,បាធាយ, ជើងព្រៃ, ចំការលើ និងព្រៃឈរ) និងសាលាចំនួន២ (វិទ្យាល័យហ៊ុន សែន កំពង់ចាម ក្រុងកំពង់ចាម និង វិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស) ចូលរួមក្នុងការ វាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល ដោយក្នុងនោះ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ទទួលជ័យលាភី ជាអង្គភាព គំរូចំណាត់ថ្នាក់លេខ១ សម្រាប់ វិស័យសុខាភិបាល ដែលផ្តល់សេវាសំណុំ សកម្មភាពបង្គ្រប់កម្រិត៣ និងសាលាមិនបាន ទទួលជ័យលាភី ជាអង្គភាពគំរូឡើយ ។ ដោយសារវិបត្តិការរីករាលដាលនៃជំងឺកូវីដ-១៩ ការងារវាយតម្លៃ ត្រូវបានពន្យាពេលរហូតដល់ឆ្នាំ ២០២២។
ចំណែកឯនៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តកំពង់ចាម បានបញ្ជូនបេក្ខភាព ចូលរួមវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ចំនួន៤សាលា គឺ (អនុវិទ្យាល័យទួលថ្ម ក្រុងកំពង់ចាម, អនុវិទ្យាល័យអន្លង់អកសាលាបឋមសិក្សាថ្លុកជ្រៅ និងបឋមសិក្សាគងជ័យ ក្នុងស្រុកកងមាស) និងវិស័យសុខាភិបាលចំនួន២ គឺ (មណ្ឌលសុខភាពសំបូរ ស្រុកបាធាយ និង មណ្ឌលសុខភាពស្ពឺ ស្រុកចំការលើ) ជាលទ្ធផលមណ្ឌល សុខភាពស្ពឺ ស្រុកចំការលើ ទទួលចំណាត់ថ្នាក់លេខ៩ ជ័យលាភីជាអង្គភាពគំរូ សម្រាប់វិស័យសុខាភិបាល និងទទួលជ័យលាភី ជាអង្គភាពគំរូ សម្រាប់វិស័យអប់រំចំណាត់ថ្នាក់លេខ៦ បានទៅអនុវិទ្យាល័យអន្លង់អក ស្រុកកងមាស និងលេខ៧ អនុវិទ្យាល័យទួលថ្ម ក្រុងកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ ជំនួសឲ្យសមាជិក សមាជិកាទាំងអស់ មកពីខេត្តត្បូងឃ្មុំ ព្រៃវែង ក្រចេះ, ស្ទឹងត្រែង រតនគិរី ខេត្តមណ្ឌលគីរី និងខេត្តកំពង់ចាម សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងមុខងារសាធារណៈ ដែលបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែក ព័ត៌មាន ជូនដល់សមាជិក សមាជិកា នៃគណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈ ថ្នាក់ខេត្ត ក្រុង-ស្រុក នាយក នាយិកាវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា និងប្រធានមន្ទីរពេទ្យបង្អែកបានយល់ដឹងកាន់តែច្បាស់ អំពីនីតិវិធីនិងវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្ដល់សេវាសាធារណៈគំរូ សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែកដែលត្រូវអនុវត្តក្នុងឆ្នាំ ២០២៤នេះ ៕