ភ្នំពេញ ៖ ដោយសារប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយ ជាញឹកញាប់អំពីព្រែកជីកតេជោហ្វូណនរបស់ក្រុមមនុស្សមួយចំនួនថា នឹងសម្រួល ដល់កងទ័ពជើងទឹកចិននោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្ស ប្រជាជនកម្ពុជា បានដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើ៦ចំណុចពាក់ព័ន្ធព្រែកជីកនេះ ។
ក្នុងបណ្តាញសង្គមទាំងតេឡេក្រាម និងហ្វេសប៊ុកនាថ្ងៃ៩ មេសានេះ សម្តេចតេជោ លើកឡើងថា បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះពួកគេ (ក្រុមមាននិន្នាការប្រឆាំង) មកប្រឌិតរឿង ព្រែកជីកតេជោហ្វូណនម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ ។
សារដែលសម្តេចចង់ដាស់តឿន ដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចចំនួន៦ដូចខាងក្រោម៖
១. តើកម្ពុជាត្រូវការ កងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? , ២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អ លើគ្រប់វិស័យ , ៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ , ៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួន មកនៅកម្ពុជា ដែលវាផ្ទុយជាមួយ គោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ? , ៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់ មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេស លើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល) ។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ និង៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលជួយឲ្យកម្ពុជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែម លើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។
សម្តេចបន្តថា ព្រែកជីកនេះ មិនប៉ះពាល់ដល់លំហូរទឹក នៃទន្លេមេគង្គនោះឡើយ ព្រោះព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀត មានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ កម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ ដូច្នេះនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។
សម្តេចគូសបញ្ជាក់ថា “យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។
យើងក៏ចេះគិតពីប្រយោជន៍ជាតិ របស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯង ក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ” ។
បើតាមការចេញផ្សាយ របស់វិទ្យុអាស៊ីសេរី នាថ្ងៃ៨ មេសា បានឲ្យដឹងថា “អត្ថបទស្រាវជ្រាវ មួយសរសេរ ដោយអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានអភិវឌ្ឍន៍ ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) នៃប្រទេសវៀតណាម វាយតម្លៃថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយ ដែលបម្រើឲ្យសេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះ ក៏មានតម្លៃចម្បងបម្រើឲ្យវិស័យយោធា របស់ចិនផងដែរ ។
ក្រុមអ្នកស្រាវជ្រាវវៀតណាម សន្និដ្ឋានថា គម្រោងនេះ នឹងបង្កផលប៉ះពាល់ខ្លាំងក្លា ដល់ស្ថានភាពវិស័យការពារជាតិ និងសន្តិសុខ នៃតំបន់ទាំងមូល ស្របពេលដែលចិន កំពុងអភិវឌ្ឍកំពង់ផែ កងទ័ពជើងទឹករាម នៅកម្ពុជាស្រាប់” ៕