ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤បានអញ្ជើញធ្វើដំណើរ ទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួលនិងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស ដើម្បីត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

បេសកកម្មរបស់ លោកឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ មានការអញ្ជើញចូលរួមពី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការខាធិការក្រសួងមហាផ្ទៃ លោកអគ្គនាយកអន្តោប្រវេសន៍ លោកអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារភាគីថៃ បានឡែម មួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិដូង បានឲ្យដឹងថា ក្រុមមន្ត្រីបានត្រៀមលក្ខណៈ ផ្ដល់សេវាទទួលដំណើរវិលចូលប្រទេស របស់ពលរដ្ឋខ្មែរបានយ៉ាងល្អ។ ចំណែកពលករ ក៏បង្ហាញក្ដីរីករាយចំពោះនីតិវិធី ដ៏លឿនរហ័សដែលមន្ត្រីបាន បំពេញជូនពួកគាត់ផងដែរ។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាលខ្លី ជាមួយពលករខ្មែរនៅច្រកទ្វារអន្តរជាតិដូង លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តដំណើរក្នុងចំងាយផ្លូវជាង ១២០គីឡូម៉ែត្រឆ្ពោះទៅកាន់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលនៅទីនោះ ក្រុមមន្ត្រីច្រកទ្វារក៏កំពុងមានភាពមមាញឹក ក្នុងការផ្ដល់សេវាជូនពលរដ្ឋ ពិសេសពលរដ្ឋជាពលករដែរ។

ពលករខ្មែរ បើទោះជាត្រូវបន្តដំណើរចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់ស្រុកកំណើត តាមបណ្ដាខេត្ត រៀងៗខ្លួនក៏ពិតមែន ប៉ុន្តែពួកគាត់បានបង្ហាញអារម្មណ៍ រំភើបរីករាយប្រកបដោយភាពកក់ក្ដៅ រង់ចាំទទួលការសំណេះសំណាលខ្លីជាមួយ លោកឧបនាយករដ្ឋមន្ត្រី៕



