ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលជា អ្នកធ្វើការ អ្នកលក់ដូរ និងសិស្សនិស្សិត សុទ្ធតែលាន់មាត់ថា អត្ថប្រយោជន៍ នៃរបបបេឡាជាតិសន្តិសុខ សង្គម របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាបានជួយប្រជាពលរដ្ឋឱ្យកាត់បន្ថយ ចំណាយបានយ៉ាងច្រើន ដែលពួកគាត់នឹកស្មានមិនដល់។

ពលរដ្ឋនាំគ្នាលើកឡើងថា៖ “បើមានគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវចំណាយអស់ច្រើន អ្នកលក់ដូរធម្មតាគ្មានសមត្ថភាព ក្នុងការចំណាយទេពេលមាន ប.ស.ស. អាចជួយសម្រួល បានច្រើនពិតមែន ខ្ញុំជឿជាក់” ។

គូសបញ្ជក់ថា សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យ និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺចំណាយត្រឹមតែ ១៥,៦០០រៀប៉ុណ្ណោះ ក្នុងមួយខែនោះនឹងទទួលបាន អត្ថប្រយោជន៍យ៉ាងច្រើន ដូចជា ទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទទួលបានប្រាក់បំណាច់មាតុភាព និងទទួលបានប្រាក់វិភាជន៍បូជាសព ។

ជាមួយគ្នានេះលោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋ មានការសាទរ យ៉ាងច្រើនជាមួយនឹងអត្ថប្រយោជន៍នៃប.ស.ស.បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការ នូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣កន្លង។

លោក បញ្ជក់បន្ថែមថា គិតត្រឹមថ្ងៃទី៧ ខេមេសា ឆ្នាំ២០២៤នេះ មានបុគ្គល ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកប្រមាណជាង១៩ម៉ឺន៥ ពាន់នាក់ ដែលបានចុះបញ្ជីសមាជិកប.ស.ស. ក្នុងនោះបុគ្គលស្វ័យនិយោជន៍ មាន១៥៦,៧៤៤នាក់ ខណៈដែលសមាជិកប.ស.ស.ក្នុងបន្ទុកមាន ៣៨,៩២៤នាក់។

ទន្ទឹមនឹងនេះលោក បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់មានប័ណ្ណប.ស.ស. ឱ្យមកចុះឈ្មោះ តាមរយៈប្រភេទបុគ្គលស្វ័យនិយោជន៍ ដែលត្រូវចំណាយត្រឹមតែ ១៥,៦០០រៀលប៉ុណ្ណោះ ដែលធ្វើឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន៕





