ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី បើកសន្និបាត បូកសរុបល ទ្ធផលការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប ឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

សូមជម្រាបថា នេះគឺជាលើកទី១ ដែលក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប រួមគ្នារៀបចំសន្និបាតបូក សរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែង នូវការអបអរសាទរ និងការកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំរួមគ្នាបំពេញ ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម រហូតសម្រេចបានលទ្ធផលជាច្រើន គួរឱ្យកត់សម្គាល់ សម្រាប់ឆ្នាំ២០២៣ ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យធនធានទឹក និងឧតុនិយមសម្រេចបាន នូវសមិទ្ធផលធំៗជាច្រើន ជាពិសេសការអនុវត្ត គោលនយោបាយជាតិ លើវិស័យ ធនធានទឹកនៅកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និង ឧតុនិយម ឆ្នាំ២០១៩-២០២៣ បានចូលរួម ចំណែកយ៉ាងសកម្ម ដល់ការអនុវត្តអាទិភាពគន្លឹះយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “មនុស្ស ផ្លូវ ទឹក និង ភ្លើង”។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងបាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងបរិបទបច្ចុប្បន្ន វិស័យធនធានទឹក មិនត្រឹមបម្រើឱ្យការងារស្រោចស្រពដំណាំកសិកម្មនោះទេ ប៉ុន្តែវិស័យធនធានទឹកបាននិងកំពុងបម្រើដល់គ្រប់វិស័យដែលពាក់ព័ន្ធជាអាទិ៍ កិច្ចគាំពារបរិស្ថាន ការដឹកជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលទាមទារឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងគាំទ្រ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានបង្ហាញនូវការជឿជាក់ថា លទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ២០២៣ នឹងក្លាយជាកម្លាំងចលករជំរុញ ការលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអនុវត្តផែនការការងារ សម្រាប់ឆ្នាំ២០២៤ សំដៅរួមចំណែក ដល់ការអនុវត្ត ឱ្យបានជោគជ័យ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ លើវិស័យធនធានទឹក និងឧតុនិយម ឆ្នាំ២០២៤-២០២៨ ក៏ដូចជាយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម នៅព្រះរាជាណាចក្រកម្ពុជា ៕
















