យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា អ៊ីស្រាអែល បានកំណត់កាលបរិច្ឆេទ សម្រាប់ការវាយលុកដី នៅតំបន់រ៉ាហ្វា នៃតំបន់ហ្គាហ្សា ។
លោកមិនបាននិយាយថា នៅពេលណា ដែលការវាយលុកនឹងកើតឡើងនោះទេ ប៉ុន្តែបានឲ្យដឹងថា “ការទទួលជ័យជម្នះ តម្រូវឱ្យមានការចូល ទៅក្នុងទីក្រុងរ៉ាហ្វា និងការលុបបំបាត់ កងវរសេនាតូចភេរវករនៅទីនោះ”។
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ វីដេអូមួយថា “វានឹងកើតឡើង – មានកាលបរិច្ឆេទរួចហើយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
អង្គការសហប្រជាជាតិ និងអ្នកជំនាញ ផ្នែកជំនួយបានព្រមានថា ប្រតិបត្តិការយោធាណាមួយនៅក្នុងទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត របស់តំបន់ហ្គាហ្សា ដែលមានមនុស្សប្រហែល ១,៤លាននាក់ កំពុងស្វែងរកការជ្រកកោន ពីការទម្លាក់គ្រាប់បែក នៅកន្លែងផ្សេងទៀត នឹងធ្វើឱ្យចំនួនអ្នកស្លាប់ខ្ពស់ មិនអាចទទួលយកបាន នៅលើតំបន់ហ្គាហ្សា ៕
ប្រែសម្រួល ឈូក បូរ៉ា