ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចាត់ក្រុមការងារជំនាញចុះ ទៅធ្វើការត្រួតពិនិត្យស្ថានភាព គុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការ វិភាគតាមដានជាប្រចាំ បន្ទាប់ពីលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ធ្លាក់ចូលស្ទឹងណាមខាន់ ខណៈស្ទឹងនេះហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន ស្ដីពីស្ថានភាព គុណភាពទឹកនៅទន្លេមេគង្គ ចេញផ្សាយ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី៣ មេសា កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកអាស៊ីតស៊ុលហ្វួរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១,៣៧០គីឡូម៉ែត្រ ពីព្រំប្រទល់កម្ពុជា-ឡាវ។

ជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រសួងបរិស្ថាន បានធ្វើការយកចិត្តទុកដាក់ ក្នុងអាទិភាពខ្ពស់ដោយបានចាត់ក្រុមការងារ ជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាព គុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការ វិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការតាមដាន ស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង។
ទន្ទឹមនឹងនេះដែរ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹង ករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈ ចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹក ទន្លេមេគង្គជាបន្តទៀត៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
