ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៩ មេសា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៣៦៧នាក់ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ចំពោះឯកសារបណ្តុះបណ្តាលក្នុងសប្តាហ៍នេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីសមាសធាតុនៃការបំពេញការងាររបស់បុគ្គលិក(job performance) និងបានសង្កត់ធ្ងន់លើការដំណើរការនៃការធ្វើការវាយតំលៃការបំពេញការងាររបស់បុគ្គលិក (staff performance evaluation) ក្នុងគោលបំណងស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅចំពោះបុគ្គលិកនិងការទទួល រួមទាំងការជូនព័ត៌មានត្រឡប់បែបស្ថាបនា និងគាំទ្រ(constructive feedback) ដល់បុគ្គលិកដើម្បីឲ្យបុគ្គលិកនីមួយៗអាចបង្កើនលទ្ធផល និងប្រសិទ្ធភាពការងារ។
ឆ្លៀតឱកាសនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ចុះជាប់ជាមួយបុគ្គលិកក្រោមឱវាទរបស់ខ្លួន ដើម្បីដឹកនាំការងារគ្រប់គ្រងការងារបុគ្គលិក (Staff performance management) ឲ្យមានប្រសិទ្ធភាពឆ្លើយតបតាមឆន្ទៈ របស់រាជរដ្ឋាភិបាលក្នុងការកែទំរង់រដ្ឋបាលសាធារណៈនៅទូទាំងប្រទេស៕







