ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់មន្ទីរ អង្គភាពនានាក្នុងខេត្ត ត្រូវរៀបចំតុបតែងសោភ័ណ្ឌភាព ឲ្យបានស្រស់ស្អាតដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មី

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានស្នើដល់មន្ទីរអង្គភាពនានាក្នុងខេត្ត ត្រូវចូលរួមរៀបចំតុបតែងសោភ័ណ្ឌភាព អោយបានស្អាតដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៦ ខែ មេសា ឆ្នាំ ២០២៤ហើយនៅក្នុងខេត្តពោធិ៍សាត់ ក៍មានការរៀបចំព្រឹត្តិការសង្រ្កាន្តឆ្នាំថ្មី នៅលើបុរីវប្បធម៌កោះសំពៅមាសរយះពេល ៤ ថ្ងៃ (១៣-១៦ ខែ មេសា ឆ្នាំ ២០២៤)ដើម្បីអោយប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ។

ការថ្លែងរបស់លោកអភិបាលខេត្តបែបនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំគណះបញ្ជាការ ឯកភាពរដ្ឋបាលខេត្តនារសៀលថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី សំណាក់លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក លោកអធិការនគរបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត និង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលខេត្តពោធិ៍សាត់ ក៍បានមានប្រសាសន៍ថា ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះជាណាចក្រកម្ពុជាដែលបាន ណែនាំអោយរដ្ឋបាលរាជធានី ខេត្តរៀបចំកម្មវិធីសង្ក្រាន្តរៀងៗខ្លួន ដើម្បីចូលរួមអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ សម្រាប់ខេត្តពោធិ៍សាត់ក៍បាន និង កំពុងរៀបចំតុបតែងភ្លើងលម្អរ នៅតាមសួនច្បារនានា និង លេងល្បែងប្រជាប្រិយនានា ព្រមទាំងប្រគុំតន្ត្រីសម័យ បុរាណ សិល្បះ នៅលើបុរីវប្បធម៌កោះសំពៅមាសចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍បានដាក់ចេញ នូវផែនការមួយចំនួនសម្រាប់យកទៅអនុវត្ត និង បង្កលក្ខណះអោយពិធីបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំនេះប្រកបដោយជោគជ័យរួមមាន:
១-ត្រូវពង្រឹងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះអោយបានល្អប្រសើរ។
២-ការងារចរាចរត្រូវដាក់ កម្លាំងត្រួតពិនិត្យអោយបានល្អ និង ទទួលខុសត្រូវខ្ពស់។

៣-គ្រប់មន្ទីរអង្គភាព និង រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ត្រូវត្រួតពិនិត្យបន្ទាន់ នូវ អនាម័យ បរិស្ថាន។
៤-ត្រូវបន្តទប់ស្កាត់ និង បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន។
៥-សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះគ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំតុបតែងលម្អរ ភ្លើងពណ៌អោយបានស្រស់ស្អាត និង លើកទង់ជាតិ ទង់សាសនា និង ទង់ជ្វាលាអោយបានត្រឹមត្រូវ។

៦-ត្រៀមលក្ខណះអោយបានគ្រប់ ជ្រុងជ្រោយសម្រាប់ការបាញ់កាំជ្រួច និង ឡានទឹក។
៧-គ្រប់មន្ទីរអង្គភាព ត្រូវមានការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីដែលបានចូលនិវត្តន៍ត្រូវ អញ្ជើញពួកគាត់មកសំណេះសំណាលសួរសុខទុក្ខ និង ចែកជូនវត្ថុកំដរដៃអោយបានមុនចូលឆ្នាំ។
៨-ត្រូវក្តាប់អោយបាន នូវ មុខសញ្ញាចោរកម្មគ្រប់ប្រភេទ៕

To Top