ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំអាស៊ាន បង្ហាញអារម្មណ៍រំភើប ពេលមកដល់កម្ពុជាជាលើកដំបូង ក្នុងឋានៈជាកូនខ្មែរ

ភ្នំពេញ៖ លោក ស៊ូជីរ៉ូ សៀម (SUJIRO SEAM) មានដើមកំណើតជាខ្មែរ ជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន បានធ្វើដំណើរមកដល់កម្ពុជាបានប៉ុន្មានថ្ងៃ ហើយក៏មានជំនួបសម្តែងការគួរសម ជាមួយមន្ត្រីជួររដ្ឋាភិបាលបន្តបន្ទាប់ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ ក្នុងដំណើរមកដល់របស់លោក លើទឹកដីកម្ពុជា លោកបានបង្ហាញអារម្មណ៍រំភើប អមជាមួយសារដ៏មានអត្ថន័យថា “ការធ្វើដំណើរមកកម្ពុជាលើកដំបូងរបស់ខ្ញុំ គឺពិសេសណាស់ ព្រោះនេះគឺជាទីកន្លែងដែលខ្ញុំបានកើត” ។

តាមរយៈសំណេររបស់លោក ការណ៍ដែលធ្វើឲ្យលោកត្រូវបានចាកចេញ ពីប្រទេសដើមកំណើតរបស់ខ្លួន ក៏ដោយសារគ្រួសាររបស់លោក ត្រូវរត់ភៀសខ្លួន គេចចេញពីរបបខ្មៅងងឹត ខ្មែរក្រហម តាំងតែពីលោកស្ថិតក្នុងវ័យកុមារភាព ហើយក្រោយចាកចេញពីកម្ពុជាអស់រយៈពេល៥០ឆ្នាំ លោកបានវិលមកវិញក្នុងឋានៈជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន ។

លោក ស៊ូជីរ៉ូ សៀម បានសរសេរសារលើបណ្តាញសង្គម X (អតីត Twitter) អមជាមួយរូបភាព បាញ់សំដៅចំឈ្មោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានខ្លឹមសារថា “ក្នុងឋានៈជាឯកអគ្គរដ្ឋទូរសហភាពអឺរ៉ុប ប្រចាំអាស៊ាន ខ្ញុំបានទៅគ្រប់រដ្ឋនៃសមាជិកអាស៊ាន ។ ការធ្វើដំណើរមកកម្ពុជាលើកដំបូងរបស់ខ្ញុំ គឺ ពិសេសណាស់ព្រោះនេះ គឺជាទីកន្លែងដែលខ្ញុំបានកើត” ។

លោកបានរៀបរាប់ទៀតថា “វាជាលើកទីមួយហើយដែលខ្ញុំត្រឡប់មកវិញ បន្ទាប់ពីគ្រួសាររបស់ខ្ញុំបានភៀសខ្លួនកាលពី ៥០ឆ្នាំមុន ដើម្បីគេចពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម” ។

សូមរំលឹកថា លោក ស៊ូជីរ៉ូ សៀម មានវ័យជាង៥០ឆ្នាំ កើតនៅរាជធានីភ្នំពេញ បច្ចុប្បន្នលោកមានសញ្ជាតិបារាំង ។ នេះបើតាមឯកសាររបស់ EU-ASEAN ។ នៅឆ្នាំ២០២៣ លោកជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន លោកបានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងឆ្នាំ២០១៩ លោកជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៧ លោកជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ Fiji, Kiribati, Nauru, Tonga និង Tuvalu និងនៅឆ្នាំ២០១៣ លោកជាអគ្គកុងស៊ុលបារាំងនៅទីក្រុងហ៊ូស្តុន ដែលមានយុត្តាធិការលើ រដ្ឋតិចសាស់ រដ្ឋ Arkansas និងអូក្លាហូម៉ា៕

To Top