ភ្នំពេញ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបញ្ជូនសិក្ខាកាមសិក្សាជំនាញផ្នែក រចនាក្រាហ្វិចដោយកុំព្យូទ័រ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចុះកម្មសិក្សារយៈពេល ៣សប្តាហ៍នៅក្រុមហ៊ុន TSPH Printing House ដើម្បីអនុវត្តផ្ទាល់ និងពង្រីកសមត្ថភាពលើជំនាញរបស់ខ្លួន។
ការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជននេះ បន្ទាប់ពីសិក្ខាកាមនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានសិក្សាទ្រឹស្តីនៅក្នុងថ្នាក់ជាង ៣ខែមកហើយ ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលមួយនេះ ត្រូវបានបើកបវេសនកាលជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។
នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក យ៉ោក សុទ្ធី បានលើកឡើងថា៖«ការចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស នេះគឺមានសារសំខាន់ណាស់ ដើម្បីផ្សារភ្ជាប់មេរៀនដែលបានសិក្សានៅក្នុងថ្នាក់។ ការចុះកម្មសិក្សាគឺជាអនុវត្តផ្ទាល់ ឃើញផ្ទាល់នៃការដំណើរការនៃក្រុមហ៊ុនឯកជននោះ ត្បិតនៅក្នុងសាលាក៏មានរោងជាងដែរ តែយ៉ាងណាក៏ដោយមិនអាចបំពេញសេចក្តីត្រូវការ និងបានឃើញជាក់ស្តែងដូចការ ចុះកម្មសិក្សានៅក្រុមហ៊ុនឯកជននោះទេ»។
លោកនាយកវិទ្យាស្ថានបានគូសបញ្ជាក់ថា វិទ្យាស្ថានបានដាក់ចេញវិន័យតឹងរឹង ចំពោះសិក្ខាកាមដែលត្រូវចុះកម្មសិក្សា ក្នុងនោះសិក្ខាកាមទាំងអស់ត្រូវសរសេរ របាយការណ៍របស់ខ្លួនអំពីការចុះកម្មសិក្សាដូចជា ទី១សិក្ខាកាម សង្កេតឃើញអ្វីខ្លះនៃដំណើរការក្រុមហ៊ុន, ទី២សិក្ខាកាមធ្វើអ្វីខ្លះអំឡុងពេលចុះកម្មសិក្សា, ទី៣សិក្ខាកាមពិនិត្យឃើញនៃ សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបែបណា និងទី៤សកម្មភាពប្រចាំថ្ងៃនៃ ការចុះកម្មសិក្សារបស់សិក្ខាកាមផ្ទាល់ផងដែរ។
លោកបញ្ជាក់ថា សម្រាប់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នឹងបន្តបញ្ជូនសិក្ខាកាម សិក្សាជំនាញផ្សេងៗទៀតរបស់ខ្លួន ចុះកម្មសិក្សានៅក្រុមហ៊ុនឯកជន បន្តបន្ទាប់នាពេលខាងមុខទៀត។ វិទ្យាស្ថានតែងតែខិតស្វែងរក ដៃគូក៏ដូចជាក្រុមហ៊ុនឯកជន ដើម្បីអាចបញ្ជូនសិក្ខាកាមរបស់ខ្លួន ចុះកម្មសិក្សានៅក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់សិក្ខាកាម។
ទន្ទឹមនឹងនេះលោកអំពាវនាវឱ្យសិក្ខាកាម ចុះកម្មសិក្សាជំនាញខិតខំក្រេបជញ្ជក់ចំណេះដឹង អង្កេត រៀនសូត្រ ពីការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជន ពីព្រោះសិក្ខាកាមមានឱកាសជ្រើសរើស ធ្វើការនៅក្រុមហ៊ុនឯកជននោះបន្ទាប់ពីចុះហាត់ការល្អ ៕